ប៉ូលិសវៀតណាមរាប់រយនាក់ចុះឆែកឃ្លាំងមួយនៅហូជីមិញ និងរឹបអូសបានគ្រឿងញៀនជាង៣០០គីឡូក្រាម ជាចំនួនច្រើនបំផុតមិនធ្លាប់មាន (Video Inside)
21-03-2019 12:25
(ហូជីមិញ)៖ ប៉ូលិសវៀតណាមរាប់រយនាក់នៅថ្ងៃពុធសប្ដាហ៍នេះ បានឆ្មក់ចូលឆែកឆេរឃ្លាំស្តុកទំនិញមួយកន្លែង នៅក្នុងសង្កាត់ប៊ិញតាន់ (Binh Tan) នៃទីក្រុងហូជីមិញ ដោយរឹបអូសបានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (methamphetamine) ជាង ៣០០គីឡួក្រាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
យោងតាម VN Express នៅក្នុងប្រតិបត្តិការបង្រ្កាបនេះជនសង្ស័យ ១១នាក់ ក្នុងនោះមានជនជាតិឡាវ ចិន និងវៀតណាមត្រូវបានឃុំខ្លួន រីឯរថយន្ដមួយគ្រឿងផ្ទុកគ្រឿងញៀន methamphetamine ជាង ៣០០គីឡូក្រាមក៏ត្រូវបានរឹបអូសផងដែរ ហើយនេះអាចចាត់ទុកបានថាជា ការបង្រ្កាបគ្រឿងញៀនធំបំផុតមិនធ្លាប់មាននៅក្នុងទីក្រុងហូជីមិញ។ បន្ថែមពីនេះប៉ូលិសវៀតណាមក៏បានបញ្ជាក់ដែរថា គ្រឿងញៀនរាប់រយគីឡូនេះមានប្រភពដើមមកពីប្រទេសឡាវ ហើយត្រូវបានរត់ពន្ធមកកាន់ប្រទេសវៀតណាម កាត់តាមផ្លូវច្រពំ្រដែននៃខេត្តខុនទុម (Kon Tum)។
គួរបញ្ជាក់ថា បើតាមច្បាប់វៀតណាម អ្នកជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនមានទម្ងន់ចាប់ពី ៦០០ក្រាម និង Methamphetamine ២.៥គីឡូក្រាមឡើងទៅនឹងត្រូវទទួលការផ្ដន្ទាទោសប្រហារជីវិត ហើយអ្នកផលិត ឬជួញដូរបន្តគ្រឿងញៀនហេរ៉ូអ៊ីន ឬគ្រឿងញៀនខុសច្បាប់ដទៃទៀតក្នុងទម្ងន់ ៣០០ក្រាម ក៏ត្រូវប្រឈមមុខទោសប្រហារជីវិតដែរ៕