Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនបញ្ជាឱ្យផ្អាករាល់ប្រតិបត្តិការយន្ដហោះ Boeing 737 Max ក្រោយសោកនាដកម្មធ្លាក់ យន្ដហោះផ្ដាច់ជីវិតមនុស្ស១៥៧នាក់ នៅអេត្យូពី (Video Inside)

11-03-2019 09:37

​(ប៉េកាំង)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនបានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ផ្អាកជាបណ្ដោះអាសន្នរាល់ការធ្វើ ប្រតិបត្តិការយន្ដហោះប្រភេទ Boeing 737 Max បន្ទាប់ពីមនុស្ស១៥៧នាក់ ស្លាប់នៅក្នុងសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយ ហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាន​នៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់​ប្រទេស​អាហ្វ្រិកកណ្តាល​​អេត្យូពី សំដៅ​ទៅកាន់​រដ្ឋធានី​ណៃរ៉ូប៊ី (Nairobi) នៃប្រទេស​កេនយ៉ា ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់១៥៧នាក់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមអាកាសយានិក៨នាក់។

ដោយឡែក បើតាមការសន្និដ្ឋានបឋម ​បញ្ហា​បច្ចេកទេស​​មួយចំនួននៃគ្រឿងម៉ាស៊ីន​អាចជាមូលហេតុនៅពីក្រោយសោកនាដកម្ម ធ្លាក់យន្ដហោះនេះ ហើយវាក៏ជាលើកទី២ផងដែរដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ ក្រោយយន្ដហោះ ប្រភេទនេះធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់។

គួរបញ្ជាក់ថា មនុស្សទាំង១៥៧នាក់បានបាត់បង់ជីវិត ក្នុងករណី​ធ្លាក់យន្តហោះ​ដ៏រន្ធត់របស់​អាកាសចរណ៍អេត្យូពីខាងលើ ក្នុងនោះ​គឺមានចំរុះជាតិ​សាសន៍ដូចជា កេនយ៉ា ចិន អាមេរិក​ បារាំង ឥណ្ឌា អ៊ីតាលី កាណាដា អង់គ្លេស អេហ្ស៊ីប ឥណ្ឌូណេស៊ី ស្លូវ៉ាក អូទ្រីស ស៊ុយអ៊ែដ អ៊ីស្រាអែល ម៉ូរ៉ូកូ ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ប៊ែលហ្សិក ជីបូទី អៀរឡង់ ម៉ូហ្សំប៊ិក នេប៉ាល់ នីហ្សេរីយ៉ា ណ័រវេយ៍ រ៉ាវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវ៉ានី សូម៉ាលី ស៊ូដង់ តូហ្គោ អ៊ូហ្គាន់ដា យ៉េមែន និងអេត្យូពីផ្ទាល់៕