កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេសមានសុខុមាលភាពល្អជាងគេនៅលើពិភពលោករបស់អង្គការ Global Wellness
05-03-2019 10:53
(ឡុងដ៍)៖ បណ្ដាប្រទេសតូចៗក្នុងនោះរួមមានទាំងកម្ពុជាផងដែរ ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេសដែលប្រជាជនមាន សុខភាពល្អជាងគេនៅលើពិភពលោក ខណៈប្រទេសមានសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋអាមេរិកជាដើម បានធ្លាក់មកឈរនៅលេខរៀងទី ៣៧ ឯណោះ។ នេះបើតាមរបាយការណ៍ចុងក្រោយអង្គការអន្តរជាតិធំមួយគឺ Global Wellness ដកស្រង់ចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី Straistimes នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
យោងតាមអង្គការ Global Wellness ប្រទេសដែលឈរលេខរៀងទី ១ ក្នុងនាមជាប្រទេសមានប្រជាជនមានសុខភាពល្អជាងគេ ក្នុងចំណោមប្រទេសដែលត្រូវបានធ្វើការស្ទាបស្ទង់ចំនួន ១៥១ នោះគឺប្រទេសកាណា ហើយលេខ ២ បានទៅលើប្រទេសអូម៉ង់ និងអ៊ីស្លង់ឈរលេខ ៣។ ប៉ុន្តែភាគច្រើន ប្រទេសនៅទ្វីបអាស៊ីត្រូវបានគេមើលឃើញថា សុទ្ធតែបានជាប់ឈ្មោះក្នុងបញ្ជីកំពូលទាំង១០ ដែលមានដូចជាហ្វីលីពីន (ជាប់លេខ ៤), ម៉ាល់ឌីវ (លេខ ៥), ហូឡង់ (លេខ ៦), សិង្ហបុរី (លេខ ៧), ឡាវ(លេខ ៨), កូរ៉េខាងត្បូង (លេខ ៩) និងកម្ពុជាឈរនៅលេខរៀងទី ១០។
គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍របស់អង្គការ The Global Wellness នៅក្នុងសប្ដាហ៍នេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃការដាក់ពិន្ទុលើ ១០ ធំៗក្នុងមានដូចជាកត្តា៖ សម្ពាធឈាម, ជាតិស្ករនៅក្នុងឈាម, ជាតិខ្លាញ់ ឬធាត់, ការបាក់ទឹកចិត្ត, សុភមង្គល, ការប្រើប្រាស់ជាតិស្រវឹង, ការប្រើប្រាស់ថ្នាំជក់, ការធ្វើលំហាត់ប្រាណ, អត្រាលទ្ធភាពសង្ឃឹមរស់ និងការចំណាយរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ទៅលើវិស័យសុខាភិបាលជាដើម៕