សហរដ្ឋអាមេរិកនៅតែសង្ឃឹមថា «អាចបន្តការចរចាជាមួយកូរ៉េខាងជើងទៀត» ក្រោយភាពបរាជ័យនៃកិច្ចប្រជុំនៅវៀតណាម (Video Inside)
02-03-2019 10:22
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលជាមន្ត្រីសកម្មបំផុតក្នុងការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរនៅទីក្រុងហាណូយ នៃប្រទេសវៀតណាមនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានសង្ឃឹមថា អាចបន្តកិច្ចពិភាក្សា-ចរចាជាមួយកូរ៉េខាងជើងនៅថ្ងៃខាងមុខទៀត បើទោះបីជាកិច្ចប្រជុំនៅវៀតណាមបានបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីសូម្បីបន្តិចក៏ដោយ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ច នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន លោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «ភាគីទាំងសងខាងបានឯកភាពថា ប្រាកដណាស់នឹងអាចមានកិច្ចសន្ទនា បន្ថែមទៀតនៅថ្ងៃខាងមុខ...។ ខ្ញុំសង្ឃឹមថា យើងបន្តការពិភាក្សាគ្នា។ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង មិនបានដើរចេញទៅណាឆ្ងាយអំពីកិច្ចប្រជុំកំពូលនោះឡើយ ដូច្នេះយើងនៅតែមានសង្ឃឹមទៅមុខទៀត... ភាគីទាំងពីរបានដើរទៅមុខខ្លះដែរ...»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានចេញសេចក្តីថ្លែងការណ៍រួមអ្វីនោះឡើយ បន្ទាប់ពីកិច្ចប្រជុំបញ្ចប់ទៅមុនកាលកំណត់ នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ដូច្នេះវាត្រូវបានចាត់ទុកជាភាពបរាជ័យសម្រាប់ជំនួបចរចាកំពូលលើកទីពីរ មិនដូចកាលពីលើកទីមួយ ដែលបានប្រារព្ធឡើងនៅសិង្ហបុរីនោះឡើយ។
ទោះបីជាមើលទៅហាក់មានការខ្វែងគំនិតគ្នាខ្លាំងពិតមែនជុំវិញថា តើត្រូវដកទណ្ឌកម្មជាមុន ឬកម្ទេចនុយក្លេអ៊ែរជាមុន ប៉ុន្តែមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅតែបង្ហាញជំហររក្សាទំនាក់ទំនងល្អជានិច្ចនឹងគ្នា ហើយក៏បានសម្រេចផងដែរថា ប្រទេសទាំងពីរអាចនឹងមានកិច្ចពិភាក្សាទៀតទៅថ្ងៃមុន គ្រាន់តែពេលនេះមិនមានការកំណត់ពេលវេលាណាមួយនោះឡើយ៕