មេបក្សប្រឆាំងវេណេស៊ុយអេឡា «ប្រកាសចូលស្រុកវិញនៅសប្តាហ៍នេះ» ខណៈលោក ម៉ាឌូរ៉ា ថាចូលបានតែត្រូវប្រឈមមុខចំពោះច្បាប់... (Video Inside)
26-02-2019 12:11
(កូឡុំប៊ី)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូនអាន ហ្គៃដូ (Juan Guaido) បានប្រកាសថា លោកមានបំណងត្រឡប់ចាកចេញទៅកាន់វេណេស៊ុយអេឡាវិញក្នុងសប្តាហ៍នេះ ក្រោយការធ្វើដំណើរដោយខុសច្បាប់មកកាន់ប្រទេសកូឡុំប៊ី ខណៈដែលខ្លួនលោកជាប់បម្រាមដំណើរដែលដាក់ចេញដោយតុលាការកំពូលវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីថ្ងៃទី២២ ខែកុម្ភៈ លោក Guaido បានមកដល់ទីក្រុង គូគូតា (Cucuta) នៃប្រទេសកូឡុំប៊ី ដែលជាប់ព្រំប្រទល់វេណេស៊ុយអេឡា ជាទីស្តុកទុកនៃជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដើម្បីជួយដល់ការដឹកជញ្ជូនជំនួយទាំងនេះ ចូលទៅកាន់វេណេស៊ុយអេឡា បើទោះបីជារដ្ឋាភិបាលស្របច្បាប់របស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ច្បាស់ៗជាច្រើនដងថា នឹងមិនទទួលយកជំនួយទាំងនោះជាដាច់ខាតក៏ដោយ។
ខណៈការព្យាយាមបញ្ជូនជំនួយទាំងបង្ខិតបង្ខំបែបនេះ ចូលទៅកាន់វេណេស៊ុយអេឡាបានទទួលបរាជ័យ លោក Guaido ក៏បានសម្រេចស្នាក់នៅកូឡុំប៊ីតែម្តង ដើម្បីចូលរួមកិច្ចប្រជុំនាថ្ងៃចន្ទសប្តាហ៍នេះ របស់ក្រុមប្រទេសអាមេរិកឡាទីន Lima Group នៅឯរដ្ឋធានី Bogota ដែលមានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ផងដែរ។
ទាក់ទិននឹងរឿងលោក Guaido ចាកចេញពីប្រទេសដោយបំពានបម្រាមហាមឃាត់នេះ លោក ម៉ាឌូរ៉ូ បាននិយាយថា «លោក Guaido ត្រូវតែគោរពច្បាប់។ លោកអាចចាកចេញហើយមកវិញបាន តែត្រូវប្រឈមមុខជាមួយប្រព័ន្ធយុត្តិធម៌ ព្រោះប្រព័ន្ធយុត្តិធម៌បានហាមឃាត់រួចហើយ ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសឡើយ»៕