ទឹកជំនន់លិចអណ្តូងរ៉ែពីរនៅហ្ស៊ីមបាវ៉េ, សង្ស័យកម្មករជាង៦០នាក់លង់ទឹកស្លាប់!
16-02-2019 13:30
(ហារ៉ារ៉េ)៖ អណ្តូងរ៉េពីរកន្លែងក្បែរៗគ្នាត្រូវបានទឹកជន់លិច ខណៈអាជ្ញាធរហ្ស៊ីមបាវ៉េបានអះអាងថា កម្មករដែលនៅក្នុងអណ្តូងទាំងនោះជាង ៦០នាក់ ទំនងជាមិនអាចនៅមានជីវិតរស់នោះឡើយ។ នេះបើតាមការអះអាងដោយមន្ត្រីខេត្ត ម៉ាហ្សូណាឡេនដ៍ (Mashonaland) ភាគខាងលិចប្រទេសហ្ស៊ីមបាវ៉េ ដែលស៊ីនហួរដកស្រង់នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមអាជ្ញាធរក្នុងតំបន់ ចំនួនកម្មករដែលជាប់ក្នុងអណ្តូងរ៉ែទឹកលិចនោះ គឺអាចមានចន្លោះពី ៦០នាក់ទៅដល់ ៧០នាក់ ហើយការគ្មានសង្ឃឹមថា ពួកគេអាចនៅមានជីវិតរស់នោះ គឺដោយសារតែតំបន់ទាំងមូលត្រូវបានជន់លិច ភ្លៀងកំពុងបន្តធ្លាក់យ៉ាងគំហុក និងការជួយសង្គ្រោះមានសភាពលំបាកបំផុត ចាប់តាំងពីយប់ថ្ងៃសុក្រ រហូតមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះក្រុមសង្គ្រោះសង្ឃឹមថា នឹងអាចបូកទឹកចេញពីអណ្តូងរ៉ែ ដើម្បីសង្គ្រោះជនរងគ្រោះបើទោះបីជាក្តីសង្ឃឹមថា ពួកគេអាចនៅរស់មានតិចក៏ដោយ។ បន្ថែមពីនេះប្រធានាធិបតីហ្ស៊ីមបាវ៉េលោក អ៊ែមម៉ឺសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានប្រកាសពីមហន្តរាយខាងលើនេះកាលពីថ្ងៃសុក្រ និងបញ្ជាឲ្យក្រុមសង្គ្រោះព្យាយាមឲ្យអស់ពីសមត្ថភាពផងដែរ៕