ឥណ្ឌាសម្ពោធឲ្យប្រើប្រាស់ស្ពានវែងបំផុតមួយរបស់ខ្លួន ដែលអាចទ្រទម្ងន់រថក្រោះនិងឲ្យយន្តហោះចម្បាំងយកធ្វើជាផ្លូវចុះចតបាន (Video Inside)
26-12-2018 18:01
(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃពុធនេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ស្ពានដ៏វែងបំផុតមួយប្រចាំប្រទេសលោក ដែលត្រូវបានរចនាឡើងដើម្បីអាចទ្រាំទ្រទម្ងន់រថក្រោះ និងអាចធ្វើជាផ្លូវចុះចតឬហោះឡើងសម្រាប់យន្តហោះចម្បាំងបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ស្ពានខាងលើមានឈ្មោះថា Bogibeel ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ក្បែរព្រំដែនជាមួយប្រទេសចិន ខណៈដែលរដ្ឋាភិបាលទីក្រុងញូដេលី កំពុងប្រឹងប្រែងពង្រឹងវិស័យការពារជាតិរបស់ខ្លួន នៅក្នុងតំបន់សុទ្ធសាស្រ្តនេះ។ ដោយស្ថិតក្នុងរដ្ឋ Assam ស្ពាននេះ ត្រូវគេមើលឃើញថា មានសារសំខាន់ជាខ្លាំងក្នុងផ្នែកយុទ្ធសាស្រ្ត ដោយសារវាអាចផ្តល់ភាពងាយស្រួលជាខ្លាំង ក្នុងការចល័តទ័ពរបស់កងកម្លាំងយោធាឥណ្ឌា ទៅកាន់រដ្ឋ Arunachal Pradesh ជាប់នឹងប្រទេសចិន ក្នុងករណីចាំបាច់។
គួរជម្រាបថា ស្ពាន Bogibeel មានប្រវែង៤.៩គីឡូម៉ែត្រ រត់កាត់ពីលើដងទន្លេ Brahmaputra និងប្រើប្រាស់រយៈពេលប្រមាណ០២ទសវត្សរ៍ទើបសាងសង់ហើយ ជាមួយការចំណាយខ្ទង់៨០០លានដុល្លារ។ ស្ពាននេះមានពីរថ្នាក់ ដោយថ្នាក់ក្រោមជាផ្លូវដែក និងថ្នាក់ខាងលើជាផ្លូវកៅស៊ូថ្នល់។ បើនិយាយពីផ្លូវដែក Bogibeel ជាស្ពានផ្លូវដែកវែងបំផុតរបស់ឥណ្ឌា៕