ក្រុមហ៊ុន Apple កំពុងរំលោភសេចក្តីបង្គាប់របស់តុលាការចិន ដែលបានហាមឃាត់ការលក់ iPhone ជាច្រើនស៊េរី, នេះបើតាមការបញ្ជាក់ពី Qualcomm (Video Inside)
18-12-2018 12:29
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm បាននិយាយថា ក្រុមហ៊ុន Apple នៅតែបន្តរំលោភបំពានលើ សេចក្ដីសម្រេចរបស់តុលាការចិន ដែលបានបង្គាប់ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទដៃមួយនេះ បញ្ឈប់ការលក់ទូរស័ព្ទ iPhones ស៊េរីចាស់របស់ខ្លួន ដោយសារតែការរំលោភលើប័ណ្ណប៉ាតង់ផ្នែកបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមហ៊ុន Qualcomm កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅថា ខ្លួនបានទទួលជ័យជម្នះលើក្រុមហ៊ុន Apple នៅក្នុងសេចក្ដីបង្គាប់មួយរបស់តុលាការចិន ដែលបានដាក់បម្រាមលើការលក់ទូរស័ព្ទដៃ iPhones ស៊េរីចាស់ជាច្រើនម៉ូឌែលត្រូវគេរកឃើញថា បានរំលោភលើប័ណ្ណប៉ាតង់បច្ចេកវិទ្យាចំនួនពីររបស់ Qualcomm។ ប៉ុន្តែក្នុងថ្ងៃដដែល ក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមក៏បានអះអាងដែរថា ទូរស័ព្ទដៃរបស់ខ្លួននៅតែបន្តមានវត្តមាននៅលើទីផ្សារចិន។
ដោយឡែកក្រុមហ៊ុន Qualcomm បានបញ្ជាក់ថា Apple នៅតែបន្តរំលោភលើសេចក្ដីបង្គាប់របស់តុលាការចិន ព្រោះក្រុមហ៊ុនមួយនេះនៅតែបន្តលក់ទូរស័ព្ទដៃរបស់ខ្លួន និងមិនបានទទួលការអនុញ្ញាតពីអាជ្ញាធរចិន ឱ្យធ្វើបែបនេះឡើយ។
គួរបញ្ជាក់ថា ជាការឆ្លើយតបនឹងក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Apple បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានគោរពយ៉ាងខ្ជាប់ខ្ជួនលើសេចក្ដីសម្រេចរបស់តុលាការចិន ហើយមិនតែប៉ុណ្ណោះខ្លួនក៏បាន update software ទូរស័ព្ទ iPhones ឱ្យស្រប ទៅតាមសេចក្ដីបង្គាប់នេះទៀតផង៕