ជប៉ុនកំពុងគិតគូរចំណាយជិត១៩០ពាន់លានដុល្លារ លើវិស័យការពារជាតិ០៥ឆ្នាំខាងមុខ និងផែនការទិញសព្វាវុធដ៏សន្ធឹកសន្ធាប់ពីអាមេរិក!
08-12-2018 10:35
(តូក្យូ)៖ សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា ក្រសួងការពារជាតិកំពុងសម្លឹងមើល ការបង្កើនការចំណាយលើវិស័យយោធា សម្រាប់រយៈពេល ០៥ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងរាល់បញ្ហាសន្តិសុខ និងកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការទិញបរិក្ខាយោធាបន្ថែម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
ដោយមិនបានបញ្ជាក់ពីប្រភពដែលខ្លួនទទួលបាន Nikkei បានឱ្យដឹងទៀតថា ក្រសួងការពារជាតិជប៉ុន គ្រោងនឹងចំណាយប្រាក់ជាង ២៧ទ្រីលានយ៉េន (១៨៨.២ពាន់លានផោន) នៅចន្លោះខែមេសា ឆ្នាំ២០១៩ និងខែមីនា ឆ្នាំ២០២៤ ជាមួយការ បង្កើនការចំណាយជាមធ្យម ១.១ភាគរយក្នុងមួយឆ្នាំ និងលើស ០.៨ភាគរយនៅអំឡុងរយៈពេល ០៥ឆ្នាំ ដោយចាប់គិតពីខែមីនា ឆ្នាំក្រោយតទៅ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិជប៉ុនកាលពីខែសីហា ក៏បានស្នើឱ្យមានការចំណាយលើកញ្ចប់ថវិកាក្នុងកំណត់ត្រាមួយជាង ៥.៣ទ្រីលានយ៉េនផងដែរ សំដៅធ្វើបច្ចុប្បន្នភាពសមត្ថភាពការពារជាតិ ជាពិសេសគឺទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីល ឬអាវុធនុយក្លែអ៊ែរពីសំណាក់កូរ៉េខាងជើង៕