លោក ស៊ី ជិនពីង ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ខណៈកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង-អាមេរិកកំពុងជាប់គាំង
07-12-2018 18:05
(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុង ហូ ក្នុងទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះ ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនកំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានឱ្យដឹងទៀតថា នៅក្នុងជំនួបនោះលោក ស៊ី បានប្រាប់លោក រី អំពីក្តីសង្ឃឹមរបស់ទីក្រុងប៉េកាំង ដែលចង់ឃើញសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ដោយគោរពគ្នាទៅវិញទៅមក។ បន្ថែមពីលើនេះលោកប្រធានាធិបតីចិន ក៏បានអំពាវនាវផងដែរឱ្យមានការពង្រឹង និងបង្កើនទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង។
គួរជម្រាបថា នៅមុនជួបលោក ស៊ី លោក រី យ៉ុង ហូ បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ហើយលោក នៅតែបញ្ជាក់ដដែលថា កូរ៉េខាងជើងបន្តរក្សាការប្ដេជ្ញាចិត្តរំសាយអាវុធនុយក្លេអ៊ែរ និងរក្សាស្ថេរភាព ក៏ដូចជាសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ លោក រី បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ និងគ្រោងត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងវិញ នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ៕