ផ្ទុះទីតាំងរោងចក្រគីមីនៃភាគខាងជើងប្រទេសចិន ផ្តាច់ជីវិតមនុស្សរហូតដល់២២នាក់ និងរបួស២២នាក់ (Video Inside)
28-11-2018 10:01
(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃពុធនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ និង២២នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏សម្បើមនៅឯរោងចក្រគីមីមួយកន្លែងស្ថិតនៅខេត្ត ហេបៃ (Hebei) ភាគខាងជើងប្រទេសចិន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអាជ្ញាចិន ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅក្បែររោងចក្រគីមី ហេបៃហ្សេងហ័រ (Hebei Shenghua Chemical Co.) ក្នុងទីក្រុង ចាងជាកូវ (Zhangjiakou) ដែលស្ថិតនៅចំងាយ ២០០គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះការផ្ទុះដ៏សម្បើមនេះ ក៏បានបំផ្លាញរថយន្ដតូចធំចំនួន ៥០គ្រឿងផងដែរ ខណៈអ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។
គួរបញ្ជាក់ថា ភ្លាមៗអាជ្ញាធរចិនមិនទាន់បានបញ្ជាក់ ពីមូលហេតុផ្ទុះនេះនៅឡើយទេ ស្របពេលដែលការស៉ើបអង្កេតកំពុងធ្វើឡើង ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ថា មានការលេចធ្លាយសារធាតុគីមី ឬក៏យ៉ាងណានោះដែរ៕