សេតវិមានឈប់ឲ្យអ្នកសារព័ត៌មាន CNN ម្នាក់ចូលយកព័ត៌មានទៀត ព្រោះតែការទាស់ទែងជាមួយលោក ដូណាល់ ត្រាំ
08-11-2018 09:46
(វ៉ាស៊ីនតោន)៖ សេតវិមានបានសម្រេចចិត្តលុបចោល ប័ណ្ណអនុញ្ញាតចូលក្នុងសេវិតមានរបស់អ្នកសារព័ត៌មាន CNN លោក ជីម សាកូស្តា (Jim Acosta) តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ តតំាងមតិទៅវិញទៅមកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក៏ប៉ុន្តែថ្លែងនៅក្នុងសន្និសីទព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា ការលុបចោលប័ណ្ណចូលសេតវិមានរបស់ លោក Acosta ដោយសារតែលោកបានយកដៃដាក់លើស្ត្រីវ័យក្មេងម្នាក់។ លោក Acosta ដែលជាប្រធាន ឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន សម្រាប់ស្ថានីយទូរទស្សន៍ CNN ត្រូវបានលោក ដូណាល់ ត្រាំ ហៅថា «ជាមនុស្សឈ្លើយ និងអាក្រក់បំផុត» នៅក្នុងសន្នីសីទសារព័ត៌មានមួយ នាថ្ងៃពុធសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើង នៅពេលបុគ្គលិកសេតវិមានម្នាក់បានព្យាយាមទាញក្បាលមេក្រូពី លោក Acosta នៅអំឡុងពេលតតាំងមតិជាមួយលោក ត្រាំ។ ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ មិនព្រមប្រគល់ក្បាលមេក្រូ ហើយតែបន្តចោទសួរលោក ត្រាំ ដដែល រីឯវីដេអូនៃឧប្បដិហេតុត្រូវបានគេចែកចាយនៅលើបណ្ដាញអ៊ីនធើណែត៕