ប្រមុខការពារជាតិអាមេរិក៖ ប្រធានាធិបតីស៊ីរី បាហ្សា អាល់ អាស្សាដ នឹងត្រូវអស់អំណាចនៅថ្ងៃណាមួយ ជាក់ជាមិនខាន...(Video inside)
31-10-2018 12:11
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយថា ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ នឹងត្រូវអស់អំណាចនៅថ្ងៃណាមួយជាមិនខាន ដោយសារតែលោកបានបាត់បង់ទំនុក ក៏ដូចជាការគំាទ្រពីប្រជាជនស៊ីរី និងសហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយវិទ្យាស្ថានសន្តិភាពអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mattis បានលើកឡើងយ៉ាងដូច្នេះថា «យើងបានឃើញថា ហេតុផលដែលខ្ញុំគិតថាគង់តែមានថ្ងៃណាមួយ លោក អាស្សាដ នឹងត្រូវអស់អំណាច... ហើយខ្ញុំមិន គិតឡើយថា ការបោះឆ្នោតរៀបចំឡើងដោយរបបដឹកនាំស៊ីរីបច្ចុប្បន្ន នឹងទទួលបានការជឿទុកចិត្ត ក៏ដូចជាគំាទ្រពីប្រជាជនស៊ីរី និងសហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រីការពារជាតិអាមេរិក សហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញាចិត្ត គាំទ្រដល់កងកម្លាំងឧទ្ទាមស៊ីរី និងស្វែងរកដំណោះស្រាយ និងការផ្សះផ្សាតាមរយៈកិច្ចចរចាទីក្រុងហ្សឺណែវ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេស UN លោក ស្តាហ្វាន ដឺ មីស្ទើរ៉ា (Staffan de Mistura)។ តែទោះជាយ៉ាងណា អ្វីដែលគេដឹងនៅពេលនេះ គឺកងកម្លាំងប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ បានវាយដណ្ដើមគ្រប់គ្រងទឹកដីឡើងវិញ ស្ទើរតែទាំងស្រុងទៅហើយ៕