គ្រោះរញ្ជួយដីកម្រិតធ្ងន់ផ្ទួនៗគ្នារហូតដល់ ៧.១រ៉ិចទ័រ វាយប្រហារប្រទេសប៉ាពួញូហ្គីណេ!
11-10-2018 14:17
(ស៊ីដនី)៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតនៃប្រទេសដែនកោះ ប៉ាពួញូហ្គីណេ (Papua New Guinea) នៅថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារលើតំបន់ដដែល នៅព្រឹកមិញនេះ។ នេះបើតាមមជ្ឈមណ្ឌលបណ្ដាញរញ្ជួយដីចិន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរ Papua New Guinea មិនទាន់មានសេចក្ដីរាយការណ៍ការខូចខាត ឬជនរងគ្រោះនៅឡើយទេ ខណៈការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានលុបចោលវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ វាយប្រហារលើកោះ New Britain នៃឆ្នេរភាគខាងកើតប្រទេសនេះ។
គួរជម្រាបថា បើតាមមជ្ឈមណ្ឌលបណ្ដាញរញ្ជួយដីចិន គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៨០គីឡូម៉ែត្រ៕