រថភ្លើងរអិលធ្លាក់ពីផ្លូវនៅប្រទេសឥណ្ឌា ផ្តាច់ជីវិតមនុស្ស០៦នាក់ និងជាង៣០នាក់រងរបួស!
10-10-2018 11:36
(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ ០៦នាក់ និងជាង ៣០នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីរថភ្លើងមួយខ្សែបានរអិលធ្លាក់ចេញពីផ្លូវដែក ស្ថិតនៅក្នុងរដ្ឋ Uttar Pradesh នៃភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅតាមផ្លូវដែកត្រង់ចំណុចស្រុក Raebareli ដែលមានចម្ងាយ ៧៧គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh ខណៈមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ មិនទាន់មានការបញ្ជាក់នោះឡើយ ដោយក្រុមសង្គ្រោះ និងមន្ត្រីក្នុងរដ្ឋភាគខាងជើងប្រទេសនេះ កំពុងធ្វើដំណើរទៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា ទោះបីឥណ្ឌាជាប្រទេសធំ និងមានសេដ្ឋកិច្ចកំពុងរីកលូតលាស់លឿនក៏ដោយ ប៉ុន្តែប្រជាជនរាប់រយលាននាក់ នៅតែកំពុងរស់នៅក្នុងភាពក្រីក្រ ហើយមធ្យោបាយធ្វើដំណើរទាំងផ្លូវថ្នល់ និងផ្លូវដែក គឺភាគច្រើនមានសភាពចាស់ទ្រុឌទ្រោម ដែលតែងតែបានបង្កគ្រោះថ្នាក់ ជាច្រើនករណីរៀងរាល់ឆ្នាំ៕