មហាយក្សឥណ្ឌាត្រៀមកុម្ម៉ង់ទិញ «ម៉ាស៊ីនរថក្រោះ១,០០០គ្រឿង» ដើម្បីបង្កើនកម្លាំងសាច់ដុំ!
26-09-2018 14:21
(ញូដេលី)៖ ក្រសួងការពារជាតិឥណ្ឌា បើកភ្លើងខៀវឲ្យទិញម៉ាស៊ីនរហូតដល់១,០០០គ្រឿង សម្រាប់រថក្រោះធុន T-72 ដែលបង្កើតឡើងតាំងពីជំនាន់សម័យសូវៀត ដើម្បីបង្កសក្តានុពលនៃវិស័យការពារជាតិ របស់ប្រទេសមហាយក្សលេខ ២ ប្រចាំទ្វីបអាស៊ីនេះបន្ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
គម្រោងដែលមានតម្លៃ ២៣ពាន់លានរូពី ឬស្មើនឹង ៣១៧លានដុល្លារនេះ ត្រូវបានអនុញ្ញាតដោយ ក្រុមប្រឹក្សាទទួលបន្ទុកការទិញសព្វាវុធការពារជាតិនៃប្រទេសឥណ្ឌា ដែលមានរដ្ឋមន្រ្តីការពារជាតិ លោកស្រី ណឺម៉ាឡា ស៊ីថារ៉ាម៉ាន់ (Nirmala Sitharaman) ក្នុងអំឡុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅរដ្ឋធានីញូដេលី។
បើតាមការបញ្ជាក់ពីក្រសួងការពារជាតិ ម៉ាស៊ីនថ្មីមួយពាន់គ្រឿងនេះ នឹងជួយពង្រឹងសមត្ថភាពរបស់រថក្រោះ T-72 នៅលើសមរភូមិ។ មួយផ្នែកធំនៃម៉ាស៊ីនទាំងនោះ នឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនរដ្ឋ Ordnance Factories Board។
គួរជម្រាបថា រថក្រោះ T-72 និង T-90 ផលិតឡើងដោយរុស្ស៊ី គឺជាសព្វាវុធស្នូលនៅក្នុងជួរកងទ័ពជើងគោកឥណ្ឌា តាំងពីរាប់ទសវត្សរ៍មកម្ល៉េះ ប៉ុន្តែរថក្រោះទាំងនេះភាគច្រើន កំពុងតែឈានចូលដល់អាយុកាលយ៉ាងចំណាស់ៗទៅហើយ ដែលមិនអាចបណ្តោយឲ្យវាកាន់តែយ៉ាប់ជាងនេះឡើយ៕