(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា មានសំណង់ស្ថាបត្យកម្មជាច្រើនសម័យកាលបានបន្សល់ទុក រួមមាន សំណង់បេតិកភណ្ឌមុនសម័យអង្គរ សម័យអង្គរ សម័យក្រោយអង្គរ ស្ថាបត្យកម្មសំណង់សម័យអាណានិគមដែលមានអាយុកាលមួយសតវត្សរ៍ គឺចាប់ពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ និងស្ថាបត្យកម្មបែបទំនើប។
ដោយសារការអភិវឌ្ឍនូវបចេ្ទកវិទ្យា និងសំណង់ស្ថាបត្យកម្ម អគារដែលមានរចនាបទនាំចូលពីបរទេស និងមានកម្ពស់ច្រើនជាន់បានរីកលួតលាស់យ៉ាងឆាប់រហ័ស នៅប្រទេសកម្ពុជា ស្របពេលដែលសំណង់បេតិកភណ្ឌ ដូចជា សំណង់អគាររដ្ឋបាលសាធារណៈ សំណង់អគារផ្នែកសាសនា សំណង់អគារលំនៅឋាន មានការថយចុះ និងមានការកែប្រែខុសពីសភាពដើម។ សំណង់បេតិកភណ្ឌបុរាណទាំងនោះ មានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាព វប្បធម៌ សាសនា សង្គម សេដ្ឋកិច្ច និងប្រវត្តិសាស្រ្តរបស់ប្រជាជនខ្មែរ។
រហូតមកទល់សព្វថ្ងៃ មានសំណង់បេតិកភណ្ឌបុរាណ ដែលមានអាយុកាលរាប់រយឆ្នាំនៅសេសសល់តិចតួចប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដែលជាសំណង់សម័យក្រោយអង្គរតាមបែបព្រះពុទ្ធសាសនា រួមមាន សំណង់ព្រះវិហារបុរាណ និងវត្តអារាម។ នៅឆ្នាំ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតគម្រោងសំណង់ស្ថាបត្យកម្មវត្តខ្មែរ។ សំណង់វត្តខ្មែរ បានកើតឡើងតាំងពីឆ្នាំ១៩២៧ដែលមានរូបថតដាក់តាំងនៅសារមន្ទីរជាតិ និងនៅក្នុងរជ្ជកាលហ្លួងព្រះបាទស៉ីសុវត្ថិមុនីវង្ស នៅក្នុងកម្មវិធីតាំងតុ ដែលជាកម្មវិធីប្រកួតប្រជែងស្ថាបត្យកម្មវត្តអារាមសង់ពីបេតុងរបស់ព្រះបរមរាជវាំង។ គម្រោងនេះគឺជាការសិក្សារួម រវាងតម្លៃវប្បធម៌ សិល្បៈ ស្ថាបត្យកម្ម ប្រវត្តិសាស្រ្ត និងការលើកស្ទួយព្រះពុទ្ធសាសនា។
នៅសតវត្សរ៍ទី២១ ស្ថាបត្យកម្មបែបទំនើបបានបង្កឲ្យប៉ះពាល់ដល់សំណង់បែបបុរាណដែរ ពិសេសសំណង់វត្តអារាម។ ថ្វីដ្បិតតែរដ្ឋាភិបាល មានច្បាប់ការពារសំណង់បេតិកភណ្ឌបែបបុរាណ ប៉ុន្តែជារឿយៗសំណង់បេតិកភណ្ឌបែបបុរាណ នៅតាមវត្តអារាមបានបាត់បង់ម្ដងមួយៗ និងជាបន្តបន្ទាប់។ ព្រះវិហារមួយចំនួនត្រូវបានរុះរើ ដោយគ្មានច្បាប់អនុញ្ញាត និងគ្មានការសុំអនុញ្ញាតពីស្ថាប័នដែលពាក់ព័ន្ធ។ ដូច្នេះគម្រោងថែរក្សាស្ថាបត្យកម្ម សំណង់វត្តអារាមគឺជាការចាំបាច់បំផុត ក្នុងការស្រង់ឯកសារចំនួនវត្តសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យដឹងពីអត្តសញ្ញាណរបស់ខ្មែរ ហើយគម្រោងនេះនឹងបោះពុម្ពជាសៀវភៅ។
ថ្មីៗនេះសំណង់បេតិកភណ្ឌបុរាណបែបព្រះពុទ្ធសាសនា ដែលជាហោត្រៃបុរាណដែលជាស្នាព្រះហស្ថសម្តេចព្រះរាម ស៉ីសុវត្ថិ ថាវេតរង្សីនារីវង្ស និង ព្រះអង្គម្ចាស់ នរោត្តម សិង្ហារា បានកសាងនៅពុទ្ធស័ករាជ ២៤៧២ មកទល់ពេលនេះមានអាយុកាល៩២ឆ្នាំ ស្ថិតនៅក្នុងវត្ត ស្វាយពពែ ក្នុងរាជធានីភ្នំពេញ ត្រូវបានវាយកម្ទេចចោល ខណៈពេលវត្តលង្កាកំពុងខិតខំប្រឹងប្រែងថែរក្សា និងជួសជុលសំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនាចំនួន២ ដែលបានកសាងឡើងនៅពុទ្ធសករាជ ២៤៧៤ ត្រូវនឹងគ្រឹស្តសករាជ ១៩៣១ និងមានអាយុកាល៩០ឆ្នាំមកហើយ។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម មានសង្ឃដីកាថា ព្រះអង្គមានព្រះទ័យរីករាយ ដែលមានពុទ្ធបរិស័ទជួយជួសជុលសំណង់បុរាណបែបព្រះពុទ្ធសាសនានៅក្នុងវត្តលង្កា ហើយពុទ្ធបរិស័ទនឹងទទួលផលបុណ្យកុសល។ ព្រះអង្គសម្ដែងព្រះទ័យសោកស្ដាយចំពោះសំណង់ស្ថាបត្យកម្មបុរាណ ដែលជាភ័ស្តុតាងតាំងពីយូរយាណាស់មកហើយ ត្រូវបានបាត់បង់។
ស៊ុន ពោរ៉ា និស្សិតផ្នែកស្ថាបត្យកម្ម និងជាប្រធានគម្រោង សំណង់ស្ថាបត្យកម្មវត្តខ្មែរ បានថ្លែងថា ស្ថាបត្យកម្មសំណង់បុរាណបែបពុទ្ធសាសនាត្រូវតែការពារ ដោយសារវត្តអារាម បានរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងពេលសង្គ្រាមនៅក្នុងរបបសាធារណរដ្ធខ្មែរ និងរបបខ្មែរក្រហម។ រហូតមកដល់បច្ចុប្បន្ន សំណង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនានៅសល់តិចតួចប៉ុណ្ណោះ។
ពោរ៉ា បន្តថា វត្តអារាម គឺជាកន្លែងអប់រំ កន្លែងរក្សាគម្ពីរព្រះពុទ្ធសាសនា វប្បធម៌ ប្រវត្តិសាស្រ្ត ចម្លាក់ ក្បូរក្បាច់ ដូច្នេះនៅពេលបាត់បង់វត្តអារាមយើងនឹងបាត់បង់អ្វីៗទាំងអស់។ ការបាត់បង់ស្ថាបត្យកម្មបុរាណបែបព្រះពុទ្ធសាសនានឹងផ្តល់ផលលំបាកដល់ស្ថាបត្យករ និងអ្នកសិក្សាស្រាវជ្រាវអំពីស្ថាបត្យកម្មបែបព្រះពុទ្ធសាសនាឲ្យបានស៉ីជម្រៅ ខណៈដែលស្ថាបត្យកម្មរបស់ខ្មែរ និងស្ថាបត្យកម្មរបស់ថៃប្រហាក់ប្រហែលគ្នា៕