(ភ្នំពេញ)៖ ទឹកចិត្តស្រឡាញ់រាប់អាន ជួយឈឺឆ្អាលគ្នា ដែលខ្មែរយើងប្រើពាក្យថា «រួមសុខរួមទុក្ខ» គឺជាគុណតម្លៃដ៏ប្រពៃរបស់ប្រជាជាតិខ្មែរ។ វិបតិ្តដែលកើតឡើងដូចជា គ្រោះទឹកជំនន់ មេរោគកូវីដ១៩ និងផលប៉ះពាល់ដែលបណ្តាលមកពីមេរោគនេះ មិនបានផ្តួលយើងឡើយ តែផ្ទុយទៅវិញបានបង្រួបបង្រួម និងនាំមកនូវឯកភាពជាតិកាន់តែរឹងមាំខ្លាំងក្លាជាងពេលណាៗទាំងអស់។ ឯកភាពជាតិដែលកើតចេញពីការដឹកនាំរបស់នាយករដ្ឋមន្ត្រីតេជោសែននៃកម្ពុជា រឹតតែទទួលបានការគាំទ្រ និងការរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយនូវវិបត្តិនេះ ព្រមទាំងអភិវឌ្ឍលូតលាស់គ្រប់វិស័យ ទោះជាមានការរារាំងពីពួកក្រុមឧទ្ទាមក្រៅច្បាប់មួយក្តាប់តូចក៏ដោយ។
វិធានការម៉ត់ចត់ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញរបស់ប្រមុខដឹកនាំជាតិ បានបញ្ជៀសមិនឱ្យកម្ពុជារងវិបត្តិធ្ងន់ធ្ងរ បណ្តាលមកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងផ្តល់មោទនភាពជាតិ ជាប្រទេសគំរូផ្តាច់គេលើពិភពលោក ដែលមានស្នាដៃល្អវិសេសក្នុងការគ្រប់គ្រង និងទប់ស្កាត់ការចម្លងមេរោគដ៏កាចសាហាវនេះ។ ការគ្រប់គ្រង និងទប់ស្កាត់បានល្អនូវលំហូរចូល ក៏ដូចជាការរាតត្បាតនៃមេរោគកូវីដ១៩បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារនូវអាយុជីវិត សុខភាពសាធារណៈ និងកាត់បន្ថយនូវការប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក។
ប្រជាពលរដ្ឋបានផុសផុលចូលវិភាគទានយ៉ាងកុះករ ដើម្បីជាវវ៉ាក់សាំងសម្រាប់ចាក់បង្ការមេរោគកូវីដ១៩ ដែលបង្ហាញអំពីស្មារតីនៃការចូលរួមទទួលខុសត្រូវ លើកិច្ចការជាតិប្រកបដោយមោទនភាព និងជំនឿជឿជាក់យ៉ាងមុតមាំចំពោះប្រមុខរាជរដ្ឋាភិបាល។ ថ្មីៗនេះពរជ័យពីសួគ៌ាបានប្រោះព្រំដល់ប្រជាជនទាំងមូល ដោយបានផ្តល់នូវតំណក់ប្រេងដំបូងបង្អស់ដល់កម្ពុជា ជាសញ្ញាបញ្ជាក់ថា កម្ពុជានឹងក្លាយជាប្រទេសដែលទទួលបានភោគផលពីរ៉ែប្រេងកាត ដែលជាចលករបន្ថែមមួយទៀត ក្នុងការរុញច្រាននាវាកម្ពុជាលឿនលយទៅមុខកាន់តែខ្លាំងក្លាឡើង។ សមិទ្ធផលនេះពុំអាចសម្រេចបានទេ បើគ្មានដំបូលសន្តិភាព និងទំនុកចិត្តពីវិនិយោគិន បរទេសលើស្ថេរភាពនយោបាយ សន្តិសុខ និងលំនឹងនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ប្រទេសជាច្រើននៅក្នុងពិភពលោក ជាអាទិ៍ សហរដ្ឋអាមេរិក ប្រទេសនៅអឺរ៉ុប ប្រទេសចិន ប្រទេសរុស្ស៊ី ជាដើម បានកំពុងខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់មេរោគកូវីដ១៩ ក្នុងគោលដៅស្តារសេដ្ឋកិច្ចឡើងវិញ។ នាពេលថ្មីៗនេះប្រទេសកម្ពុជា បានទទួលនូវដំណឹងដ៏ល្អវិសេសវិសាល ដែលកម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ កញ្ចប់ដំបូងចំនួន១លានដូស ដែលជាអំណោយដ៏ថ្លៃថ្លា ពីសាធារណរដ្ឋប្រជាមានិតចិនជាមិត្ត សម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ កំពូលវីរបុរសជួរមុខរបស់កម្ពុជា នឹងទទួលចាក់លើកទីមួយ និងមុនគេតែម្តង ដែលនេះសបញ្ជាក់អំពីភាពក្លាហានភាពដឹកនាំដ៏ស្វាហាប់ និងការផ្តល់ភាពទុកចិត្ត និងជឿជាក់ជូនប្រជាជន ដែលតេជោសែនរបស់កម្ពុជាតែងតែប្រតិបត្តិជាទម្លាប់ធម្មតារាប់សិបឆ្នាំមកហើយ។
ខណៈដែលប្រជាជាតិទាំងមូលអបអរយ៉ាងក្រៃលែង លើជោគជ័យដ៏គួរឱ្យមានមោទនភាពជាតិ ឧទ្ទាមក្រៅច្បាប់កញ្ជះបរទេស បែរជាខំប្រឌិតភាពអវិជ្ជមានរាក់កំភែលដូចជា លើកឡើងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង និងចោទប្រកាន់គ្មានមូលដ្ឋានថា ប្រាក់ចំណូលដែលបានមកពីភោគផលពីរ៉ែប្រេងកាត នឹងមិនផ្តល់ប្រយោជន៍ដល់ជាតិឡើយ។ លើសពីនេះក្រុមឧទ្ទាមក្រៅច្បាប់ប្រឹងប្រែងទាញការចាប់អារម្មណ៍ទៅលើល្បែងឆាកល្ខោននយោបាយរបស់ខ្លួន តាមរយៈការសម្តែងអំពីការខំប្រឹងប្រែងរបស់ខ្លួន ក្នុងការត្រឡប់មកប្រទេសកម្ពុជា ហើយចោទប្រកាន់អំពីការរារាំងរបស់អាជ្ញាធរកម្ពុជាទៅវិញ។
តាមការពិត ពួកក្រុមរត់ចោលស្រុកទាំងនេះចេះបង្កើតតែទុក្ខសោកឱ្យប្រជាជនកម្ពុជា ជាពិសេសអុចអាលនាំឱ្យមានទោសទណ្ឌដល់អ្នកគាំទ្ររបស់ខ្លួន ដែលមិនបានពិចារណាដិតដល់តែប៉ុណ្ណោះ។ ពួកគេគ្មានបំណងពិតប្រាកដក្នុងការវិលត្រឡប់ ឬរស់នៅក្នុងប្រទេសកម្ពុជានោះឡើយ ព្រោះទាំងខួរក្បាល និងសំបកកាយរបស់ជនទាំងនេះ ងប់ងល់តែនឹងបរទេសតែមួយមុខគត់។
ជាក់ស្តែងអ្នកដែលធ្វើដំណើរមកកម្ពុជាបាន ក៏មិនឃើញចូលមកឡើយ មានតែខំប្រឹងបិទបាំងទង្វើកំសាករបស់ខ្លួន ដោយយកលេសនេះ លេសនោះមកបន្លំបំភាន់ប្រជាជន មិនចេះចប់មិនចេះហើយ។ ការសម្តែងនេះក្រៅពីប៉ុនប៉ងបិទបាំងនូវភាពកំសាករបស់ខ្លួន មិនហ៊ានប្រឈមមុខជាមួយនឹងច្បាប់ដែលសក្តិសមនឹងងារដែលប្រជាជនហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ គឺពួកគេមានចេតនាទទួលផលពីការប្រមូលរៃអង្គាសថវិការបស់អ្នកគាំទ្រដែលរកបានដោយលំបាក និងដែលត្រូវបានក្រុមនេះបោកបញ្ឆោត ដោយមិនដឹងខ្លួនតែប៉ុណ្ណោះ។
ឥឡូវនេះ ប្រជាជនខ្មែរទាំងមូលបានមើលឃើញច្បាស់ថា អ្នកណាជាអ្នកកសាងសេចក្តីសុខ សន្តិភាព វឌ្ឍនភាព ជូនប្រទេសជាតិ និងប្រជាជន ហើយអ្នកណាជាអ្នកបង្កើតតែទុក្ខសោក បង្កភាពក្តៅក្រហាយ និងភាពចលាចលដល់សង្គមជាតិ។ ថ្នាក់ដឹកនាំជាតិដែលតែងតែជួយយកអាសា និងផ្តល់សេចក្តីសុខជូនប្រជាជន ពិតជាទទួលបាននូវការគោរពស្រឡាញ់ពីប្រជាជន និងទទួលបានពរជ័យពីទេវតា និងវត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក ចំណែកឯក្រុមដែលតែងតែប៉ុនប៉ង បំផ្លាញសេចក្តីសុខសន្តិភាពរបស់ប្រជាជន កំពុងរងបណ្តាសា ហើយប្រាកដជានឹងត្រូវទេវតាបរាមុខ វិនាសខ្ចាត់ខ្ចាយអន្តរធានក្នុងពេលមិនយូរខាងមុខ៕
ដោយ៖ ការពិតពីមាតុភូមិ