(ភ្នំពេញ)៖ អ្នកនយោបាយ និងអ្នកវិភាគ នៅក្នុងប្រទេសកម្ពុជា បានមើលឃើញថា សហរដ្ឋអាមេរិក ដែលអះអាងថា ខ្លួនជាបិតាប្រជាធិបតេយ្យពិភពលោក ពេលនេះកំពុងទទួលរងនូវភាពអាម៉ាស់ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោត ព្រមទាំងបាត់បង់នូវតួនាទីរបស់ខ្លួនក្នុងនាមជាបិតាប្រជាធិបតេយ្យពិភពលោកទៀតផង។
ការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគនៅកម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពក្រោយការបោះឆ្នោត នៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើង ដោយក្រុមអ្នកគាំទ្រ លោកដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូល ជាវិមានរដ្ឋសភាអាមេរិក ប្រឆាំងចំពោះការរាប់សន្លឹកឆ្នោតចុងក្រោយ បណ្ដាលឲ្យមានការប៉ះទង្គិចគ្នា ស្លាប់មនុស្ស៤ នាក់ របួសជាច្រើននាក់ ព្រមទាំងមានការចាប់ខ្លួនអ្នកតវ៉ាប្រមាណ ៥០នាក់ផងដែរ។
លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថាអាមេរិកកំពុងរងនូវភាពអាម៉ាស់ និងបាត់បង់នូវភាពជាគំរូរបស់ខ្លួន។
លោក គិន ភា បញ្ជាក់ថា «វាជារឿងគួរឱ្យអាម៉ាស់ និងគួរឱ្យសោកស្តាយ ដែលសហរដ្ឋអាមេរិក ខ្លួនឯងតាំងខ្លួនជាងបិតាប្រជាធិបតេយ្យ ហើយភាពជឿជាក់នៃប្រព័ន្ធបោះឆ្នោតរបស់ខ្លួនរាប់រយឆ្នាំមកហើយនោះ បែរជាត្រូវបានបំផ្លាញ ហើយអំពើរបស់កុបករ ទៅលើវិមានកាពីតូល ដែលជាវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក គឺបង្ហាញពីភាពអាម៉ាសរបស់អាមេរិកទៅកាន់ពិភពលោក»។
លោកយល់ថា លទ្ធិប្រជាធិបតេយ្យនៅអាមេរិកកំពុងដើរថយក្រោយឆ្ងាយ ដោយសារការបង្រ្គាបរបស់កម្លាំងសមត្ថកិច្ច និងកុបករ មានលក្ខណៈហិង្សាខ្លាំង ហាក់កំពុងស្ថិតនៅក្នុងប្រទេសមួយដែលអត់មានច្បាប់ទម្លាប់។
«សហរដ្ឋអាមេរិកហាក់បាត់បង់តួនាទីរបស់ខ្លួន ព្រោះអ្វីដែលកើតមានមកនេះ វាបង្ហាញពីគំរូមួយមិនល្អ សម្រាប់ប្រជាជាតិនៅលើពិភពលោក ហើយអំនួតដែលខ្លួនមាន គឺការតាំងខ្លួនជាបិតាប្រជាធិបតេយ្យ គឺអត់មានតម្លៃទៀតទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកគិន ភា។
លោកបានវិភាគថា ការបាត់បង់តួនាទីនេះដោយសារ ទី១៖ ការបាត់ទំនុកចិត្តលើសហរដ្ឋអាមេរិក, ទី២៖ ការមិនគោរពឆន្ទៈប្រជាពលរដ្ឋ និងរឿងចុងក្រោយ គឺការឡើងនូវអំពើហិង្សាដែលជាសារមួយប្រាប់ទៅកាន់ពិភពលោកថា សហរដ្ឋអាមេរិកបានបាត់បង់តួនាទីជាអ្នកដឹកនាំលទ្ធិប្រជាធិបតេយ្យហើយ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតថ្នាក់ដឹកនាំមួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញស្ថានភាពសហរដ្ឋអាមេរិកក្រោយបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយលោកបញ្ជាក់ថា ក្នុងប្រវត្តិរបស់សហរដ្ឋអាមេរិក មិនដែលមានស្ថានភាពអាក្រក់បែបនេះ ចំពោះការបោះឆ្នោត។ លោកជឿជាក់ថា ស្ថានភាពនេះ មិនមែនបង្កឡើងដោយអ្នកនយោបាយទេ ប៉ុន្តែជាការបង្កឡើងដោយអ្នកគាំទ្រទៅវិញ ហើយក៏ជឿថា អ្នកនយោបាយអាមេរិក នឹងសម្រួលដល់ស្ថានភាពនេះ។
«ខ្ញុំនៅសហរដ្ឋអាមេរិក រហូតដល់ពេលនេះ ៣០ឆ្នាំហើយ មិនដែលឃើញអញ្ចឹងទេ នេះជាលើកទី១»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៊ូ ច័ន្ទរ័ត្ន។
ក្នុងស្ថានភាពនេះដែរ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅសហរដ្ឋអាមេរិក ឱ្យឈប់ធ្វើជាគីង្គក់លក់ថ្នាំស្រែង ក្នុងប្រធានបទ លទ្ធិប្រជាធិបតេយ្យតទៅទៀត។
លោក សុខ ឥសាន៖ «វិបត្តិឡាំប៉ារបស់ លោកត្រាំ ចំពោះលទ្ធផលបោះឆ្នោតនេះ វាជាគំរូអាក្រក់មួយនៃប្រជាធិបតេយ្យរបស់មហាអំណាចអាមេរិក ដូច្នេះអាមេរិកមិនអាចជាគំរូរបស់ប្រទេសដទៃទេ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពដ៏អាក្រក់របស់សហរដ្ឋអាមេរិកនេះ អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី លោកស្រី Muriel Bowser នៅយប់ថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តអូសបន្លាយការដាក់រដ្ឋធានីមួយនេះក្នុងភាពអាសន្ន រយៈពេល១៥ថ្ងៃ ពោលគឺរហូតដល់ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា៕