(បាងកក)៖ គ្រូបង្រៀនផ្នែកសេដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ស្រីសាអេងណាម (Piti Srisaengnam) ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ដ៏ល្បីល្បាញរបស់ប្រទេសថៃ បានលើកឡើងថា ថៃបានបោះបង់ចោលឱកាសល្អបំផុត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនជាប្រទេសមានមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Thai PBS World ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ការលើកឡើងរបស់គ្រូបង្រៀនថៃខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈសារបង្ហោះនៅលើគណនី Facebook របស់លោកផ្ទាល់។ លោក Piti Srisaengnam បានពន្យល់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឲ្យនាវាទេសចរណ៍ (Westerdam) ចូលចតនៅកំពង់ផែឡេមឆាបាង (Laem Chabang) ក្នុងខេត្តឈុនបុរី (Chon Buri) នោះគឺជាទង្វើ «សាហាវនិងអមនុស្សធម៌»។
លោកគ្រូ Piti Srisaengnam បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ចូរអ្នកព្យាយាមស្រម៉ៃមើលថា តើមនុស្សម្នានៅលើនាវានោះអស់សង្ឃឹមដូចម្តេចទៅ បន្ទាប់ពីនាវាពួកគេស្ថិតនៅលើសមុទ្រ រយៈពេលជាង ២០ថ្ងៃទៅហើយនោះ។ នៅពេលវាជាបញ្ហាផ្នែកមនុស្សធម៌ យើងត្រូវជួយដល់អ្នកមានទុក្ខលំបាក ដោយមិនត្រូវបណ្តេញពួកគេចេញទៅវិញទេ។ ហេតុអ្វីមិនជ្រើសរើសយកជម្រើសមនុស្សធម៌ ដើម្បីមនុស្សដែលកំពុងជួបទុក្ខលំបាក? ប្រសិនបើពួកគេអាចមកដល់ច្រាំង តើពួកគេនឹងរំភើបបែបណាចំពោះប្រទេសថៃ? ពួកគេនឹងចងចាំថៃជារៀងរហូត ពីព្រោះយើងបានមើលថែពួកគេ នៅពេលពួកគេជួបការលំបាក។ យើងអាចក្លាយជាមិត្តពិតប្រាកដរបស់ពួកគេ។ ប៉ុន្តែជាអកុសលយើងយឺតពេលហើយ ព្រោះយើងបានបោះចោលឱកាសនោះចូលទៅក្នុងសមុទ្រ។ មនុស្សគឺជាសត្វលោកដែលមានអរិយធម៌ ពីព្រោះយើងដឹងពីរបៀបជួយគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕