(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា «សន្តិភាព, អធិបតេយ្យជាតិ, ឯករាជ្យភាព» ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជា មិនមែន EBA ទេ។ បើគណ:កម្មការអឺរ៉ុប ពិតជាអនុវត្តនយោបាយគាំពាររបស់ខ្លួន ដោយឈរលើគោលការណ៍សុទ្ធចិត្ត គណ:កម្មការមួយនេះត្រូវតែគោរពអធិបតេយ្យជាតិ និងឯករាជ្យភាពរបស់កម្ពុជា។
លោកបានលើកឡើងថា ប្រជាជនកម្ពុជា អរគុណដល់គណ:កម្មការអឺរ៉ុបដែលបានផ្តល់ភាពអនុគ្រោះពន្ធដល់កម្ពុជាកន្លងមក ប៉ុន្តែក៏មិនអាចទទួលបានជាដាច់ខាត ប្រសិនបើគណ:កម្មការអឺរ៉ុបចង់បង្វិលកម្ពុជាតាមតែអំពើចិត្តរបស់ខ្លួន ដែលជាការឈានទៅរំលោភបំពានសិទ្ធិនិង បំផ្លាញសន្តិភាពនៅកម្ពុជាតាមរយ:ក្រោមលេស «ការស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ដូចដែលគេបាននិងកំពុងធ្វើនេះ ហើយព្យាយាមអោយគណបក្សនយោបាយមួយដែលល្មើសច្បាប់ មិនគោរពឆន្ទ:ប្រជាពលរដ្ឋ គប់គិតជាមួយបរទេស អនុវត្តផែនការបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
តើឯណាទៅតម្លៃនៃប្រទេសមួយ បើគ្រាន់តែអនុវត្តច្បាប់ប្រទេសខ្លួនសោះ ធ្វើមិនបាន ហើយបែរជាត្រូវបានបង្គាប់បញ្ជាពីអ្នកដទៃនោះ ? ។ គណ:កម្មការអឺរ៉ុបគួរប្រើពេលវេលា មកសិក្សាអំពីស្ថានភាពពិតរបស់កម្ពុជាត្រឹមរយ:ពេល១ឆ្នាំកន្លះ ក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ តើមានស្ថានភាពបែបណា ? មិនមែនមើលឃើញតែមួយជ្រុងនិងទន្ទេញចាំមាត់តែពាក្យ «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នោះទេ។ នេះបើតាមលោកជុំ កុសល។
លោកបានបន្តថា បច្ចុប្បន្នកម្ពុជាគ្មានប្រធានបទ «ប្រជាធិបតេយ្យ» ត្រូវនិយាយទៀតទេ ព្រោះរយ:ពេល២៥ឆ្នាំនៃដំណើរប្រជាធិបតេយ្យគឺបានចាក់គ្រឹះយ៉ាងរឹងមាំហើយ ។ អត្ថន័យពិតនៃប្រជាធបិតេយ្យគឺ៖ ការចូលរួមរបស់ប្រជាជននិងគណបក្សនយោបាយ មិនមែនស្ថិតនៅលើតែចំពោះគណបក្សនយោបាយមួយឬអ្នកអ្នកនយោបាយមួយចំនួនតូចដែលប្រព្រឹត្តិបទល្មើសប្រឆាំងច្បាប់កម្ពុជាឡើយ ។ ឯបញ្ហាសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាគឺមានពេញលេញ លើកលែងតែអ្នកប្រព្រឹត្តបទល្មើស ប៉ុណ្ណោះដែលត្រូវប្រឈមចំពោះការអនុវត្តច្បាប់ ។
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានលើកឡើងទៀតថា ប្រជាជនកម្ពុជា ត្រូវការអ្វីដែលកំពុងមានសព្វថ្ងៃនេះ មានន័យថា ៖ គ្មានគណបក្សសង្គ្រោះជាតិ គ្មានឈ្មោះអ្នកនយោបាយ សម រង្ស៉ី កឹម សុខាឡើយ៕
ដោយ៖ លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន