(ភ្នំពេញ)៖ ជានយោបាយ EBA ត្រូវបានក្រុមប្រឆាំងដែលដឹកនាំដោយ កឹម សុខា និង សម រង្ស៉ី ធ្វើជាដុំថ្មឬដុំភ្លើង សម្រាប់សង្កត់ «ក» គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច។
ជាច្រើនលើកច្រើនសារ ពួកគេតែងតែស្រែកច្រៀងដាក់ត្រចៀក ពួកច្រមុះស្រួចកុំឲ្យផ្តល់ទីផ្សារ មកកម្ពុជាកុំឲ្យទិញទំនិញ ឬផ្តល់ភាពអនុគ្រោះ EBA ជាដើម ដោយពួកគេយល់ថាវាជាការសង្កត់ «ក» បក្សកាន់អំណាច ដែលរហូតដល់គណកម្មការអឺរ៉ុបបញ្ចេញសកម្មភាពជាបន្តបន្ទាប់ សង្កត់រាជរដ្ឋាភិបាលកម្ពុជា ដោយយកបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាដើមចម។
រីឯរាជរដ្ឋាភិបាលកម្ពុជា ក៏បានព្យាយាមពន្យល់ទៅគណៈកម្មាធិការអឺរ៉ុបវិញជាបន្តបន្ទាប់ ដូចដែលសម្តេចតេជោ ធ្លាប់បានមានប្រសាសន៍ថា៖
*រឿងដែលយើងធ្វើបាន គឺយើងធ្វើរឿងដែលមិនទាន់យល់គ្នា យើងពន្យល់គ្នាឲ្យយល់ រឿងដែលយើងមិនអាចធ្វើបាន ដែលវាប៉ះពាល់ដល់អធិបតេយ្យភាព យើងមិនអាចធ្វើបានឡើយ។
*សម្តេចក៏ធ្លាប់បានមានប្រសាសន៍ទៅកាន់កម្មករ-កម្មការនីថា កុំខ្វល់រឿង EBA ដឹងតែមានការងារធ្វើគឺធ្វើឲ្យបានល្អ ហើយ២អាទិត្យបើកលុយ ។
គណៈកម្មការអ៊ឺរ៉ុបផ្តើមគំនិតគៀបសង្កត់ ប្រទេសក្នុងតំបន់អាស៊ាន ពុំមែនមានតែកម្ពុជានោះទេ គឺមានប្រទេស ម៉ាឡេស៉ី ឥណ្ឌូនេស៉ី បញ្ហាដូងប្រេង ភូមា បញ្ហា រ៉ូហិនយា កម្ពុជា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ តើអ្នកស្រី សេស៉ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) ជានរណា?
លោកស្រី អាណាស៉ីស៉ីល្យាម៉ាល់ស្ត្រម (កើតថ្ងៃទី១៥ ខែឧសភាឆ្នាំ ១៩៦៨) ជាអ្នកនយោបាយស៊ុយអ៊ែត ដែលបានបម្រើការជាស្នងការពាណិជ្ជកម្មអឺរ៉ុប ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។ វត្ថុបំណងដែល ម៉ាល់ស្រ្តម សង្កត់ប្រទេសទាំង ៤ក្នុងតំបន់អាស៊ាននេះ គឺក្នុងបំណងយកប្រជាប្រិយភាព ក្នុងការរកសំឡេងឆ្នោតរបស់គណបក្សខ្លួន (Liberals -Sweden) ក៏ប៉ុន្តែគណបក្សរបស់លោក ស្រីត្រូវបរាជ័យក្នុងការបោះឆ្នោតនាពេលកន្លងមក។
ក្នុងដំណាក់កាលដែលកំពុងចោទកម្ពុជាអំពីសិទ្ធមនុស្ស និងប្រជាធិបតេយ្យ ស្រាប់តែប្រទេសវៀតណាម បែរជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម អឺរ៉ុប-វៀតណាម មានចែងពីការលុបចោល ស្ទើរទាំងស្រុង (ប្រមាណ ៩៩%) អត្រាពន្ធគយ លើផលិតផលទំនិញនាំចូលរវាងភាគីទាំងពី (សហភាពអឺរ៉ុប-វៀតណាម)។ គេអាចនិយាយថា នៅពេលកិច្ចព្រមព្រៀងចាប់អនុវត្តជាផ្លូវការ អត្រាពន្ធ៦៥%លើទំនិញ អឺរ៉ុបនាំចូលទៅវៀតណាម នឹងត្រូវលុបចោល ចំណែកអឺរ៉ុបវិញ នឹងលែងយកពន្ធលើទំនិញវៀតណាម នាំចូលទៅអឺរ៉ុប ដែលសព្វថ្ងៃនេះ មានចំនួន ៧១%។
តើប្រទេសវៀតណាមមានសិទ្ធមនុស្ស និងប្រជាធិបតេយ្យជាងកម្ពុជាមែនទេ ទើបទទួលបានភាពអនុគ្រោះពន្ធទៅសហភាពអឺរ៉ុប? ចម្លើយ វាមាននៅក្នុងខួក្បាលរបស់ ជនរួមជាតិខ្មែរយើងច្បាស់ណាស់។ ជំហរម៉ឺងម៉ាត់របស់សម្តេចតេជោបាន មានប្រសាសន៍យ៉ាងម៉ឺងមាត់ថា៖ មិនយកអធិបតេយ្យភាពទៅប្តូរនឹងជំនួយ ឬលក្ខខណ្ឌដើម្បីប្តូរយក EBA ...កម្ពុជាត្រូវតែខំប្រឹងរស់ មាន EBA ក៏យើងមិនក្លាយជាអ្នកមាន អត់ EBA ក៏យើងមិនស្លាប់។
សម្តេចតេជោបានផ្ញើសារទៀតថា៖ អ្នកត្រូវយល់អ្នកដែលស្លាប់ និងអត់ EBA ពិតប្រាកដគឺបក្សប្រឆាំង ហើយអ្នកចូរចងចាំថា អ្នកមិនអាចនិយាយអំពីសិទ្ធមនុស្ស និងប្រជាធិបតេយ្យជាមួយកម្ពុជាទៀតបានឡើយ ហើយអ្វីដែលអ្នកបានផ្តល់ឲ្យកម្ពុជាកន្លងមកដូចអំបិលត្រូវទឹក។
ថ្ងៃ១២ កុម្ភៈជិតមកដល់ស្រាប់តែលេចធ្លាយសារតាមបណ្តាញសង្គមថា ចង់មានជំនួបចរចារ ហ៊ុន សែន-សម រង្ស៉ី។ សារនេះត្រូវបានក្មេងឃ្វាលគោក្របីយល់ថា ជាចេតនាចង់ឲ្យ តេជោសែនឆ្លើយតប ក៏ប៉ុន្តែផ្ទុយទៅវិញ តេជោសែនពុំបានឆ្លើយតបនឹងសារដែលគ្មានប្រយោជន៍នោះឡើយ ក្រោយមកប៉ុន្មានថ្ងៃសម្រាប់តែលេច ព័ត៌មានមួយផ្សាយថា មូរ សុខហួរ ទៅសហភាពអឺរ៉ុប សុំឲ្យបន្ត EBA មកម្ពុជា ដែលអ្នកណាក៏ដឹងថា នាងម្នាក់នេះបានអួតក្អេងក្អាងឲ្យសហភាពអឺរ៉ុបផ្តាច់ EBA ពីកម្ពុជា។
សូមបញ្ជាក់ថា EBA មិនសម្រេចលើគណៈកម្មការអឺរ៉ុបឡើយ គឺត្រូវឆ្លងកាត់សភាអឺរ៉ុបជាអ្នកសម្រេច។ ជាការវិភាគរបស់ខ្ញុំ សភាអឺរ៉ុបពិតជាមិនឲ្យមានបញ្ហាប្រឈមជាមួយអាស៊ានឡើយ ដូច្នេះគេនឹងមានច្រកសម្រប សម្រួលមួយដែលទទួលយកបានទាំងអស់គ្នា ហើយអឺរ៉ុបកមិនបាក់មុខបាក់មាត់ដែរ៕
ដោយ៖ ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន