(ភ្នំពេញ)៖ ថ្លែងពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ទីដែលផ្ទុះមេរោគរលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ សម្តេចប្រមុខដឹកនាំកម្ពុជា បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាក់ទងទៅភាគីចិន ដើម្បីរៀបចំដំណើរចុះសួរសុខទុក្ខនេះប្រសិនបើភាគីចិនអនុញ្ញាត។
ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឱ្យពលរដ្ឋខ្មែរទូទៅមានការកោតសរសើរជាពន់ពេក ចំពោះទឹកចិត្តរបស់មេដឹកនាំរូបនេះ ដែលសុខចិត្តធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដែលគ្រប់គ្នាខ្លាចរអា។
ការប្រកាសទៅកាន់ទីក្រុងវូហានរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយម បើកភ្នែកធំៗចង់ដាច់ផ្ងារ ហើយអាចពិបាករកពាក្យអ្វីនិយាយឌឺដងតទៅទៀតណាស់ ពីព្រោះពួកគេធ្លាប់តែមានមេដឹកនាំដ៏មហាកំសាកមិនដែលហ៊ានប្រឈមមុខ សូម្បីរឿងរ៉ាវបន្តិចបន្តួចក៏សុខចិត្តរត់ប្រាស់អាយូសចោលស្រុក យករួចខ្លួនតែឯងដោយទុកឲ្យកូនចៅអ្នកគាំទ្រកំព្រារងារឯកោ។ ប៉ុន្តែពេលនេះ ពួកគេក៏បានកាន់តែភ្លឺភ្នែកដោយបានឃើញសេចក្តីក្លាហាន និងការ ទទួលខុសត្រូវរបស់មេដឹកនាំឈ្មោះ ហ៊ុន សែន ដែលខុសស្រឡះពីមេដឹកនាំមាន់សម្ល «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» របស់ពួកគេ។
នរណាក៏ដឹងដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ចាកចោលគ្រួសារ ហើយផ្សងស្លាប់ចូលទៅទឹកដីវៀតណាម ដោយយកជីវិតធ្វើដើមទុន ដើម្បីរិះរកវិធីរំដោះពលរដ្ឋខ្មែរឱ្យរួច ពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មេដឹកនាំរូបនេះ ក៏ធ្លាប់បានឆ្លងកាត់សមរភូមិប្រយុទ្ធដោយផ្ទាល់ចំនួន១០៥សមរភូមិ។ ក្រោយមកទៀត បុរសខ្លាំងកម្ពុជារូបនេះ ក៏បានបន្តផ្សងជីវិតម្តងទៀតចូលទៅជុំរុំក្នុងតំបន់ខ្មែរក្រហម ដោយយកជីវិតរបស់ខ្លួនទៅប្តូរជាមួយសុខសន្តិភាព។ ជាលទ្ធផលនយោបាយឈ្នះឈ្នះបាននាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិកម្ពុជារយៈពេល ៥០០ឆ្នាំចុងក្រោយ។ ដូច្នេះត្រឹមតែទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខកូនចៅជនរួមជាតិរបស់ខ្លួន គឺជារឿងតូចតាចណាស់សម្រាប់សម្តេចតេជោ ហ៊ុន សែន បើទោះបីជាក្រុមប្រឆាំងចាត់ទុកជារឿងគួរឱ្យខ្លាចជាងគ្រាប់បែកនុយក្លេអ៊ែរ និងកំពុងនាំគ្នារួញក្បាលដូចអណ្តើកក៏ដោយ។
មកដល់ត្រឹមនេះ យើងបែរថយក្រោយបន្តិច ដើម្បីស្វែងយល់អំពីការសម្រេចចិត្តមិនលុបចោលជើងហោះហើរពីប្រទេសចិន និងមិនជម្លៀសពលរដ្ឋខ្លួនចេញពីក្រុងវូហាន ដែលសម្តេច ហ៊ុន សែន បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៣០ ខែមករា។ មានមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំងជ្រុលនិយម ដែលមិនស្គាល់អ្វីជាប្រយោជន៍ជាតិ, អ្វីជាគុណធម៌ និងអ្វីជានយោបាយការបរទេសបែបវ័យឆ្លាត, ពួកគេបែរជានាំគ្នាចំអកឡកឡឺយ និងរិះគន់ឌឺដងវាយប្រហារតាមទម្លាប់អាក្រក់របស់ខ្លួនថា សម្តេចនាយករដ្ឋមន្ត្រីយកសេដ្ឋកិច្ចជាតិធំជាងជីវិតមនុស្ស និងចង់ឱបជើងចិនទើបធ្វើបែបនេះ។
ទោះបីជាគ្មានអ្នកណាអាចយល់ចិត្តបុរសខ្លាំងរូបនេះទាំងស្រុងបានក៏ដោយ ប៉ុន្តែក្នុងនាមអ្នកតាមដាននយោបាយតុកាហ្វេជាច្រើនទសវត្សរ៍មកហើយ ខ្ញុំពិតជាមើលធ្លុះបានខ្លះៗដែរ នូវយុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់សម្តេច ហ៊ុន សែន។ ជាធម្មតាសម្តេច ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយឈ្នះៗ តែងតែធ្វើអ្វីក៏ដោយ ដោយយកយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» ជាគោលគ្រឹះជានិច្ច រាប់ទាំងបញ្ហាកូរ៉ូណាវីរុសផងដែរ។
តើអ្វីជាគោលគំនិតនៃនយោបាយឈ្នះៗក្នុងរឿងនេះ? ខ្ញុំសូមបកស្រាយតាមការយល់ឃើញរបស់ខ្ញុំដូចតទៅនេះ៖
ទី១៖ ការប្រកាសមិនបិទជើងហោះហើរពីចិន៖ អ្នកមិនបានគិតវែងឆ្ងាយ ឬក្រុមប្រឆាំងជ្រុលដែលចាំតែរិះគន់វាយប្រហារ ច្បាស់ជាមើលមិនឃើញចំណុចពិសេសនេះទេ។ ពួកគេបែរជាខំបកស្រាយទាំងទទឹងទិសថា នាយករដ្ឋមន្ត្រីខ្មែរមិនបានយកចិត្តទុកដាក់លើពលរដ្ឋខ្លួនឯង ហើយបន្តបើកឱ្យជើងហោះហើរពីចិនចូលមកកម្ពុជា។ ប៉ុន្តែសួរថា តើកម្ពុជា មានការចាំបាច់ដែរឬទេ ដែលត្រូវប្រកាសបិទជើងហោះហើរពីចិន។ ជាពិសេសពីខេត្តហ៊ូប៉ី និងពីទីក្រុងវូហាន ខណៈដែលចិនខ្លួនឯងបានប្រកាសបិទរួចទៅហើយនោះ? នេះគឺជាសំណួរគន្លឹះសម្រាប់ស្វែងយល់ពីការសម្រេចចិត្តរបស់សម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍។
ដូច្នេះការសម្រេចចិត្តមិនប្រកាសបិទជារឿងល្អបំផុតហើយ ពីព្រោះទោះជាប្រកាស ក៏ដូចមិនប្រកាសដែរ ព្រោះជើងហោះហើរពីតំបន់គ្រោះថ្នាក់មកកម្ពុជាគ្មានទៀតទេដោយសារភាគីចិនបានបិទរួចទៅហើយ។ តែអ្វីដែលខុសគ្នា គឺនៅត្រង់ថា ការមិនប្រកាសបិទ គឺអាចរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយចិនដែលជាមិត្តល្អរបស់កម្ពុជា។ នេះជាចំណុចគន្លឹះដ៏សំខាន់មួយទៀតក្នុងទំនាក់ទំនងការបរទេស។
ទី២៖ មកដល់ត្រង់នេះ គេពិតជាបានឃើញកាន់តែច្បាស់ថា សម្តេច ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្លាតវៃ ដែលពិបាករកមនុស្សមកប្រដូច។ ចំណុចពិសេសមួយទៀត ដែលខ្ញុំកត់សម្គាល់ គឺសម្តេចតេជោ ហ៊ុន សែន មិនមែនជាអ្នកនយោបាយប្រជាភិថុតិដូចអ្នកនយោបាយនៃក្រុមប្រឆាំងទាំងឡាយនោះឡើយ។ មិនប្រជាភិថុតិពីព្រោះក្នុងនាមអ្នកដឹកនាំ សម្តេចនាយករដ្ឋមន្ត្រីត្រូវគិតដល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បើទោះបីជាពេលខ្លះសម្តេចត្រូវធ្វើការសម្រេចចិត្តមួយ ដែលអ្នកមិនយល់សភាពការណ៍អាចមើលឃើញដោយភាន់ច្រឡំថា សម្តេចហាក់មិនស្រឡាញ់ពលរដ្ឋរបស់ខ្លួនក៏ដោយ។ ប៉ុន្តែនៅពីក្រោយការសម្រេចនោះ គឺជាផលចំណេញសម្រាប់ជាតិ និងប្រជាជន ដ៏ធំធេង។ មិនខុសអ្វីពី ទឹកចិត្តឪពុកម្តាយដែល ពេលខ្លះសុខចិត្តលួចស្រក់ទឹកភ្នែកដោយសារតែសេចក្តីសម្រេចមួយដែលធ្វើឱ្យកូនមិនសប្បាយចិត្ត។ ប៉ុន្តែសេចក្តីសម្រេចចិត្តនោះគឺដើម្បីតែសេចក្តីសុខរបស់កូនទាំងស្រុង។
ជាក់ស្តែងក្នុងករណីកូរ៉ូណាវីរុស បើសិនជាក្រុមប្រឆាំងវិញច្បាស់ជាប្រើនយោបាយប្រជាភិថុតិ ១០០% ដោយធ្វើពុតដូចជាស្រឡាញ់ពលរដ្ឋណាស់ ស្រឡាញ់ជាតិណាស់ដើម្បីបំពេញចិត្តប្រជាជនតែមួយគ្រា រួចហើយប្រយោជន៍ជាតិដ៏ធំធេងនឹងបាត់បង់តាមក្រោយ។
យ៉ាងណាមិញ ការប្រកាសបិទជើងហោះហើរ ពិតជាអាចធ្វើឱ្យមនុស្សមួយចំនួនយល់ថា រដ្ឋាភិបាលយកចិត្តទុកដាក់ពីពលរដ្ឋរបស់ខ្លួន ប៉ុន្តែនៅពីក្រោយការសម្រេចនេះ គឺមិនខុសអ្វីពីការសម្លាប់សេដ្ឋកិច្ចជាតិខ្លួនឯងនោះឡើយ។ មិនត្រឹមតែសេដ្ឋកិច្ចជាតិ ប៉ុន្តែការបន្លាច ឬការបិទខ្ទប់ទេសចរមិនឱ្យចូលស្រុក ក៏ប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ផ្នែកឯកជន និងរបស់ពលរដ្ឋដែលរកស៊ីក្នុងវិស័យទេសចរណ៍ផងដែរ។ សូមកុំភ្លេចថា ប្រសិនបើសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ប្រជាជន ១៦លាននាក់នៅទូទាំងប្រទេសនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
រីឯទំនាក់ទំនងកម្ពុជា និងចិន ក៏រងផលប៉ះពាល់ដែរ។ មិនត្រឹមតែមិនប្រើនយោបាយប្រជាភិថុតិ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដ៏ឆ្លាតវៃមួយរូប ដែលវិភាគសភាពកាណ៍មិនសូវចេះខុសទាំងសភាពការណ៍ក្នុងប្រទេសនិងក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន ក៏ជាមេដឹកនាំដែលហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។ ជាក់ស្តែង ក្នុងការសម្រេចចិត្តមិនជម្លៀសពលរដ្ឋខ្មែរចេញពីក្រុងវូហាន សម្តេចនាយករដ្ឋមន្ត្រី ប្រកាសទៅសួរសុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរដល់ក្រុងវូហានតែម្តង ដើម្បីបង្ហាញថា សម្តេចមិនមែនជាមេដឹកនាំដែលទុកឱ្យពលរដ្ឋរងារឯកា ហើយយករួចខ្លួនតែឯងដូចអ្នកនយោបាយខ្លះនោះឡើយ។ នេះគឺជាភាពក្លាហាន និងការទទួលខុសត្រូវ ហ៊ានថា ហ៊ានធ្វើដែលកម្រមាននរណាអាចធ្វើបាន។
សរុបមកវិញនៅពីក្រោយការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសុទ្ធតែមានបង្កប់ដោយផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជានិច្ច។ នេះគឺជាចំណុចខ្លាំងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យគាត់ប្រយុទ្ធ ១០០ដង ឈ្នះ១០០ដង និងអាចឈរជើងធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជាង ៣៥ឆ្នាំ យ៉ាងរឹងមាំ ហើយនិងបន្តតំណែងនេះយូរតទៅទៀត។
ចំណែកឯគូរប្រជែងនយោបាយដែលចង់ផ្តួលសម្តេចតេជោ ហ៊ុន សែន តាមវិធីធ្វើនយោបាយប្រជានិយម ប្រជាភិថុតិ បដិវត្តន៍ពណ៌ និងដុតឱ្យខ្លោចរោជឱ្យឆៅដូចក្នុងករណីមេរោគកូរ៉ូណាជាដើមនេះ ទីបំផុតលទ្ធផលដែលពួកគេទទួលបាន គឺអ្នកខ្លះដួលងើបលែងរួច អ្នកខ្លះទៀតទោះនៅរស់តែមិនខ្លាំង រីឯជើងខ្លាំងខាងស្រែកក៏កាន់តែខ្សោយទៅៗដូចចង្កៀងអស់ប្រេងហៀបនឹងរលុត៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ