(ភ្នំពេញ) ៖ បន្ទាប់ពីបានប្រកាសក្តែងៗថា ខ្លួនជាមេក្លោងក្នុងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលសម្តេច ហ៊ុន សែន ហើយបានបង្ហោះ រូបថតជាច្រើនសន្លឹក ដើម្បីជាភស្តុតាងដាក់បន្ទុកខ្លួនឯង និងដាក់បន្ទុកលើលោក កឹម សុខា ផងនោះ លោក សម រង្ស៉ី បានបន្តចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតដោយអះអាង នៅថ្ងៃ២៤មករានេះថា ខ្លួនសប្បាយចិត្តពេលដឹងថា មេធាវីរដ្ឋាភិបាល ប្រកាសយកភស្តុតាងទាំងនោះទៅប្រើ។
លោក សម រង្ស៉ី ដែលគេដឹងថា បានប្រឹងប្រែងប្រើប្រាស់គ្រប់វិធី និងល្បិចកិច្ចកល ដើម្បីសង្កត់ក លោក កឹម សុខា មិនឲ្យមានសេរីភាពឡើងវិញនោះ បានសរសេរក្នុងហ្វេសប៊ុក និងក្នុងធ្វីតធ័ររបស់ខ្លួនថា «ខ្ញុំត្រេកអរណាស់ ដោយបានទទួលព័ត៌មានថា លោក គី តិច មេធាវី រដ្ឋាភិបាលបានយល់ព្រមទទួលយកឯកសារ និងរូបថតផ្សេងៗ ដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុក ដើម្បីធ្វើជា ភស្តុតាងក្នុងសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា...»។
សាររបស់លោក សម រង្ស៉ី នេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញ យ៉ាងច្បាស់ក្រឡែតថា គឺជាការចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀតក្រោយពីខ្លួន បានប្រកាសផ្តល់ភស្តុតាងជាច្រើន ដល់តុលាការពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ក្នុងផែនការផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ខណៈដែលលោក កឹម សុខា កំពុងព្យាយាមដោះសារ បដិសេធម្តងហើយ ម្តងទៀតថា មិនបានឃុបឃិតជាមួយបរទេសនោះឡើយ។
ទង្វើរបស់លោក សម រង្ស៉ី នេះ បានទទួលប្រតិកម្មយ៉ាងខ្លាំងក្លា ពីភាគីអ្នកគាំទ្រលោក កឹម សុខា និងពីផ្ទៃក្នុងអ្នកគាំទ្រលោក សម រង្ស៉ី មួយចំនួនផងដែរ។ ពួកគេអះអាងថា សម រង្ស៊ី គ្មានការងារធ្វើ និងកំពុងដើរទាត់ខ្យល់ ហើយទំនងជាអផ្សុកពេកបែរជា និយាយរឿងបែបនេះ ចេញមកកើតក្នុងកាលៈទេសៈដែលលោក កឹម សុខា កំពុងតតាំងក្តីយ៉ាងតឹងតែងនៅឯតុលាការ។ សម រង្ស៊ី ធ្វើបែបនេះ ព្រោះតែខ្លាចគេភ្លេចឈ្មោះខ្លួន ហើយនាំគ្នានិយាយតែពីឈ្មោះលោក កឹម សុខា។
ជាពិសេស គឺក្រោយពេលមេធាវី រដ្ឋាភិបាលលោក គី តិច បានប្រកាសអរគុណលោក សម រង្ស៉ី ដែលបានបង្ហាញភស្តុតាង ដើម្បីដាក់បន្ទុកលើលោក កឹម សុខា និងលើខ្លួនឯងផង នោះ ប្រតិកម្មពីផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិ កាន់តែកើតឡើងយ៉ាងខ្លាំងក្លា។ ពួកគេអាក់អន់ចិត្តខឹងសម្បារ និងស្តីបន្ទោសលោក សម រង្ស៉ី យ៉ាងខ្លាំងចំពោះទង្វើបែបអសីលធម៌ ទ្រូសមិត្តដោយខុសបែបបទជាមួយលោក កឹម សុខា។
លើសពីនេះ ប្រភពស្និទ្ធនឹង សម រង្ស៉ី បានខ្សឹបប្រាប់ថា លោក សម រង្ស៉ី ក៏ទទួលបានការព្រមានខ្លាំងៗដោយការមិនសប្បាយចិត្តពីរដ្ឋាភិបាល បរទេសដែលគាត់បាន បង្ហាញក្នុងរូបថតផងដែរ ពីព្រោះរដ្ឋាភិបាលបរទេសទាំងនោះកំពុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយកម្ពុជា ដោយពួកគេមិនចង់ឲ្យឈ្មោះមេដឹកនាំ ឬប្រទេសរបស់គេមានជាប់ប្រឡូកប្រឡាក់ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ ហេតុនេះហើយបានជាក្នុងសវនាការទាំងតុលាការ និងមេធាវីការពារក្តីបានស្នើសុំមិនប្រើឈ្មោះប្រទេសចំៗនោះទេ តែត្រូវប្រើជាអក្សរតាង ដើម្បីចៀសវាងការប៉ះពាល់។
ផ្ទុយទៅវិញ លោក សម រង្ស៉ី ដែលជាអ្នកនយោបាយមិនសូវយល់ពីការទូត និងខ្សោយខាងយុទ្ធសាស្ត្រ បែរជាប្រកាសជាចំហរហើយ ថែមទាំងបានបង្ហោះ ទាំង រូបថតមេដឹកនាំបរទេសជាច្រើន ដោយបញ្ជាក់ថា អ្នកទាំងនោះជាអ្នកជួយជ្រោមជ្រែង ក្នុងការធ្វើឲ្យមានការផ្តួលរំលំប្តូររបប នៅកម្ពុជាទៅវិញ។
នេះគឺជាហេតុផលដែលរដ្ឋាភិបាលបរទេស ទាំងនោះសម្តែងការ មិនសប្បាយចិត្ត និងហួសចិត្តមិននឹកស្មានថា សម រង្ស៉ី ឆោតល្ងង់ដល់ម្លឹងសោះ។ ប្រទេសទាំងនោះបានព្រមានលោក សម រង្ស៉ី យ៉ាងធ្ងន់ធ្ងរ។
ដោយសារបញ្ហានេះហើយ បានជាក្នុងសារ លើកក្រោយនេះ សម រង្ស៉ី ហាក់ដូចជាចង់លាងខ្លួនវិញ ដោយចង់កាឡៃសាច់រឿងថា នោះគ្រាន់តែជាជំនួបធម្មតាជាមួយបរទេសតែប៉ុណ្ណោះ ដែលគេមិនអាចយកទៅធ្វើភស្តុតាងបានទេ។
ប៉ុន្តែ សម រង្ស៉ី ភ្លេចគិតថា សារដែលខ្លួនសរសេរក្នុងហ្វេសប៊ុកផេកផ្លូវការ និងការ និយាយសារភាពតាមវិទ្យុអាស៊ីសេរីកន្លងទៅ វាមានលក្ខណៈធ្ងន់ធ្ងរ និងផ្តល់បច្ច័យអាក្រក់យ៉ាងណា ដល់លោក កឹម សុខា រហូតដល់មេធាវី រដ្ឋាភិបាលប្រកាសអរគុណថែមទៀត បែបនេះ។
យោងតាមសារទាំងនោះ លោក សម រង្ស៉ី មិនអាច លាងខ្លួនបានឡើយ ទោះជាខំសរសេរថាការ និយាយបែបនេះគ្រាន់តែចង់ឌឺ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដោយ ពីព្រោះក្នុងតុលាការ អ្វីដែលសំខាន់បំផុតនោះគឺ ភស្តុតាង និងសាក្សី។
ពេលនេះខ្ញុំយល់ថា លោក សម រង្ស៉ី កំពុងធ្ងន់កមែនទែនហើយ ពីព្រោះទាំងលោក កឹម សុខា និងអ្នកគាំទ្រ កឹម សុខា ក៏មិនសប្បាយចិត្ត ទាំងអ្នកគាំទ្រ សម រង្ស៉ី ខ្លួនឯងក៏បញ្ចេញប្រតិកម្ម ស្តីបន្ទោស និងលើសពីនេះ លោក សម រង្ស៉ី ក៏ត្រូវព្រនង់យ៉ាងធ្ងន់ធ្ងរ របស់រដ្ឋាភិបាលបរទេស ដែលខ្លួនធ្លាប់ចាត់ទុកជាទីពឹងបង្អែក។ សូមកុំភ្លេចថា ពាក្យពេចន៍របស់លោក សម រង្ស៉ី ត្រូវបានគេថតចម្លងទុកអស់ហើយ ទោះចង់កែក៏កែមិនបានដែរ។
ទោះយ៉ាងណាក ដើម្បីផលប្រយោជន៍នយោបាយខ្លួនឯង លោក សម រង្ស៉ី នឹងនៅតែបន្តឆ្លៀតចំអកបញ្ឈឺចិត្ត លោក កឹម សុខា ដោយគ្មានញញើតកោតក្រែងដដែល។ ក្រៅពីចេតនាចង់រឹតចំណងលោក កឹម សុខា មិនឲ្យរើខ្លួនរួច លោក សម រង្ស៉ី ក៏មានបំណងមួយទៀត ដែរនោះគឺ ធ្វើឲ្យលោក កឹម សុខា ឈឺចិត្តគ្រាំគ្រារហូតទ្រាំលែងបានហើយប្រកាសបែកផ្លូវពី សម រង្ស៉ី ដោយខ្លួនឯង ដើម្បីយកលេសចោទលោក កឹម សុខា ថា «ក្បត់ឆន្ទៈរាស្ត្រ» ហើយ កេងចំណេញខាងនយោបាយឲ្យខ្លួនឯង។
ចេតនានេះត្រូវបានក្រុម លោក កឹម សុខា បានដឹង ហើយវាក៏បានក្លាយជា សម្ពាធផ្លូវអារម្មណ៍យ៉ាងធ្ងន់ធ្ងរសម្រាប់ភាគី លោក កឹម សុខា ដែល មិនដឹងថាអាចទ្រាំគ្រាំចិត្តដល់ពេលណាឡើយ។
សរុបមកវិញ សម រង្ស៉ី ពេលនេះក្លាយជាមនុស្សគ្រប់គ្រងខ្លួនឯងលែងបានហើយ ដោយសារបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ឈ្មោះរបស់គាត់ត្រូវបានគេ បំភ្លេចចោលទាំងស្រុងចាប់តាំងពីថ្ងៃទី ៩ វិច្ឆិកា ២០១៩មក។
ដូច្នេះ ដើម្បីកុំឲ្យគេ ភ្លេចឈ្មោះខ្លួន ជំរើស របស់លោក សម រង្ស៉ី មាននៅសល់តែមួយគត់ គឺការដាក់បន្ទុកបន្ថែមលើ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ទោះជាត្រូវយកប្រទេសធំៗជាច្រើន មកពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់ខ្លួន ក៏ដោយដែលជាកំហុសឆ្គងខាងនយោបាយ យ៉ាងធ្ងន់ធ្ងរក៏ដោយ ។ នេះជាហេតុផលដែល លោក សម រង្ស៉ី មិនបោះបង់ចេតនាអាក្រក់នេះចោលជាដាច់ខាត ក្នុងការដាក់បន្ទុកលើលោក កឹម សុខា ពីព្រោះ សម រង្ស៉ី និង កឹម សុខា គឺ «មានតែមួយ» ប៉ុណ្ណោះ៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ