Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើលោក សម រង្ស៊ី ចាញ់ការភ្នាល់ហើយមិនគោរពពាក្យ «សំដី» គឺជាបុគ្គលបែបណា?

04-03-2019 19:56

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីលោក សម រង្ស៊ី ដែលបានចាញ់ការភ្នាល់សម្ដេចតេជោ ហ៊ុន សែន អំពីការដោះលែងលោក កឹម សុខា ពីទោសក្បត់ជាតិនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ ហើយដែលលោកបានអះអាងដោយខ្លួនឯងថា បើលោកចាញ់គឺសុខចិត្ដវិលមកចូលគុកដែលខ្លួនកំពុងតែរត់គេច ប៉ុន្ដែឥឡូវបែរជាលែងគោរពពាក្យ«សំដី»របស់ខ្លួន។

ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ អះអាងថា គឺបង្ហាញពីលោក សម រង្ស៊ី ជាបុគ្គលមិនប្រកាន់ពាក្យ «ពិត» ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធជំនឿខ្មែរ។ មានន័យថាលោក សម រង្ស៊ី រស់នៅជាមួយពាក្យ «កុហក ភូតភរ ឬនិយាយពាក្យមិនពិតមិនត្រង់» នេះឯង។

ពីព្រោះថានៅក្នុងប្រព័ន្ធជំនឿខ្មែរ បានចាត់ទុកពាក្យសំដីគឺសំខាន់ណាស់! ។ ដោយគេជឿថា ពាក្យដែលគេនិយាយទៅហើយ គឺមិនអាចដកមកវិញ ឬកែប្រែបានទ្បើយ។ ហេតុនេះហើយ ទើបខ្មែរមានពាក្យស្លោកមួយចំនួនទាក់ទងនឹងរឿងនេះ ដូចជា «មនុស្សគេយកសំដី ដំរីគេយកភ្លុក» ជាដើម។ នេះបញ្ជាក់ថាសង្គមខ្មែរ រស់នៅជាមួយពាក្យ «ពិត» នៃសេចក្ដីស្មោះត្រង់សុចរិតនេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះបើនិយាយក្នុងន័យទូលំទូលាយចំពោះពាក្យ «ពិត» នេះគឺបានចងភ្ជាប់នៅក្នុងអារ្យធម៌ខ្មែរសំខាន់ណាស់! សម្រាប់ពពួកអមនុស្ស ពិសេស«អ្នកតា ឬទេព» ផ្សេងៗជាដើម គឺជាបុគ្គលដែលគេគោរពទៅលើពាក្យ «ពិត» នេះឯង។ ដោយហេតុថាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ចំពោះពាក្យ «ពិត» នេះ គឺគេយកមកធ្វើជាពិធីសក្ការបូជាទៀតផងដែរ។ ដូចជាការបន់ស្រន់ដល់ទេព ពិសេសពិធី«សម្បថ» ដែលសុទ្ធតែជាការបង្ហាញនិងការអះអាងពីភាពពិត នៃគំនិតរបស់មនុស្សនេះឯង។ ពីព្រោះគេសន្មត់ថាមនុស្សមើលចិត្ដគ្នាមិនយល់។

បើដូច្នេះចំពោះលោក សម រង្ស៊ី ដែលមិនប្រកាន់ពាក្យសំដីនៃការភ្នាល់ហៅថាពាក្យ «ពិត»នេះ បើនិយាយពីក្នុងប្រព័ន្ធជំនឿខ្មែរគេចាត់ទុកបុគ្គល លោក សម រង្ស៊ី ជាបុគ្គលមិនបានការ ហើយដែលមនុស្សទូទៅគេមិនពេញចិត្ដ ឬគេស្អប់ខ្ពើមនេះឯង។ ពីព្រោះនៅក្នុងអារ្យធម៌ខ្មែរ គឺមនុស្សទូទៅគេតែងចង់បានឲ្យចៀសផុតនូវការភូតភរ កុហក បោកប្រាស់នេះណាស់៕