(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការរស់នៅក្នុងពន្ធនាគារ មិនដូចនឹងការរស់នៅដោយមានសេរីភាពនៅក្នុងក្រុមគ្រួសារ និងនៅក្នុងសង្គមឡើយ ដោយសារតែនៅក្នុងពន្ធនាគារគ្មានរបស់របរប្រើប្រាស់សម្បូរបែបដូចនៅក្នុងសណ្ឋាគារ និងនៅផ្ទះនោះទេ បើនៅក្នុងពន្ធនាគារមានរបស់របរគ្រប់គ្រាន់ដូចនៅក្នុងសណ្ឋាគារនោះ ប្រហែលជារកពន្ធនាគារដាក់អ្នកទោសមិនបានឡើយ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ គឺបានឆ្លើយតបទៅនឹងការរិះគន់របស់ លោក អ៉ុ សំអាន អតីតអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលទើបរួចពីពន្ធនាគារដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេសមួយកាលពីពេលថ្មីៗនេះថា ពន្ធនាគារនៅកម្ពុជាមានលក្ខណៈចង្អៀត និងគ្មានអនាម័យ ជាពិសេសដាក់អ្នកទោសនៅលាយឡំគ្នាជាដើម។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងការរស់នៅក្នុងពន្ធនាគារ មិនដូចនឹងការរស់នៅដោយមានសេរីភាពនៅក្នុងក្រុមគ្រួសារ និងនៅក្នុងសង្គមឡើយដោយសារនៅក្នុងពន្ធនាគារគ្មានរបស់របរប្រើប្រាស់សម្បូរបែបដូចនៅក្នុងសណ្ឋាគារ និងនៅផ្ទះនោះទេ បើនៅក្នុងពន្ធនាគារមានរបស់របរគ្រប់គ្រាន់ដូចនៅក្នុងសណ្ឋាគារ ប្រហែលជារកពន្ធនាគារដាក់អ្នកទោសមិនបានឡើយ»។
លោកបានបន្តថា ពាក្យដែលហៅថាពន្ធនាគារ ប្រែថាជាមន្ទីរឃុំឃាំង ដាក់បណ្តាអ្នកល្មើសច្បាប់ ហើយត្រូវតុលាការ កាត់សេចក្តីឱ្យជាប់ទោស ដើម្បីកសាងខ្លួនកែប្រែអត្តចរិតខុសឆ្គងចេញ និងងាកមកកសាងខ្លួនឱ្យទៅជាមនុស្សល្អនៅក្នុងសង្គម។
លោក សុខ ឥសាន បានបន្ថែមទៀតថា ពន្ធនាគារនៅប្រទេសណាក៏ដូចនៅប្រទេសណាដែរ មិនដែលមានលក្ខណៈសម្បត្តិ ដូចសណ្ឋាគារទំនើប នោះឡើយ ដែលហៅថាពន្ធនាគារបណ្តាអ្នកដែលជាប់នៅក្នុងនេះ សុទ្ធតែជាមនុស្សអស់សិទ្ធិមនុស្សជាមូលដ្ឋានហើយ អត់សិទ្ធិដើរហើរ អស់សិទ្ធិសប្បាយ មិនអាចចង់រាំច្រៀងបាននោះទេ មិនអាចដេកពូក មានម៉ាស៊ីនត្រជាក់ មានទូរទស្សន៍កាសែត ទស្សនាវដ្តី សម្រាប់អានទេជាពិសេសពន្ធនាគារនៅកម្ពុជាតែម្តង៕