(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋចំនួន១,៣០៩ប័ណ្ណ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងពីលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមបន្ទាយចាស់ មាន១,៥៧២ក្បាលដី បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១,៣០៩ប័ណ្ណ។ ក្នុងនោះក្បាលដីលស់ពុំអាចចេញប័ណ្ណបាន ដោយជាប់បណ្តឹងតវ៉ា ដោយគ្មានទិន្នន័យ ទំនាស់ព្រំ និងពាក់ព័ន្ធបុរាណដ្ឋាន កាត់ផ្លូវអស់ និងបណ្តឹងទប់ស្កាត់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសតាមច្បាប់ក្នុងភូមិបន្ទាយចាស់ របស់សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ តែចំពោះក្បាលដីណាដែលមិនបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ តាមនីតិវិធី និងការចូលរួមចំណែករបស់បងប្អូន ក្នុងការរៀបចំកែលម្អរសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីការបញ្ជៀសបាននូវការកកស្ទះចរាចរណ៍ ឲ្យសមស្របជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងទាក់ទាញបានការវិនិយោគ និងមានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
លោកអភិបាលខេត្ត បញ្ជាក់ផងដែរថា រាល់ក្បាលដីដែលមានការពាក់ព័ន្ធនឹងតំបន់បុរាណដ្ឋាន អាជ្ញាធរខេត្ត អាជ្ញាធរអប្សរា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការចុះត្រួតពិនិត្យសិក្សាជាក់ស្តែង ក្នុងការផ្ទៀងផ្ទាត់ដើមី្បរកនូវដំណោះស្រាយជាបន្តជូនប្រជាពលរដ្ឋ។ លោក ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា ដោយខេត្តសៀមរាប ជាតំបន់ទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ លើការកែលម្អរនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក្នុងការឆ្លើយតបនូវតម្រូវការចាំបាច់របស់ក្រុងប្រវត្តិសាស្ត្រមួយនេះ អាជ្ញាធរខេត្ត បានរៀបចំផែនការអភិវឌ្ឍន៍ច្បាស់លាស់ សម្រាប់រយៈពេលយូរអង្វែង និងប្រកបដោយនិរន្តរភាពខ្ពស់។
លោក ឃឹម ប៊ុនសុង បានជម្រុញដល់មន្ទីរជំនាញ ដើម្បីពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋដែលនៅសេសសល់មួយចំនួន ដែលប៉ះពាល់ តំបន់បូរាណដ្ឋាន ក្នុងការកាត់ឆ្វៀលធ្វើកម្មសិទ្ធិជូនបងប្អូនឲ្យបានឆាប់រហ័ស។ លោកបានសង្កត់ធ្ងន់ចំពោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានសង់លើដីផ្លូវ ម៉្យាងទៀតពលរដ្ឋត្រូវរួមសហការគ្នាការពារនូវសម្បត្តិកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកុំឲ្យមានជនឆ្លៀតឱកាសរំលោភយកដីទាំងនោះ។
បើតាមលោកអភិបាលខេត្ត ប័ណ្ណកម្មសិទ្ធដែលបានប្រគល់ជូនបងប្អូននាពេលនេះ បងប្អូននឹងមានសិទ្ធយកទៅប្រើបាស់ទៅតាមតម្រូវការ ក្នុងការទ្រទ្រង់ជីវភាព ក្នុងក្រុមគ្រួសាររបស់ខ្លួន។ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានទៅបំពេញកាតព្វកិច្ចជាពលរដ្ឋទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានបង្ហាញអន្តរជាតិ ឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសបន្ត៕