(ភ្នំពេញ)៖ មានករណីបង្កឲ្យភ្ញាក់ផ្អើមមួយកើតឡើង នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅម្ដុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយក្រុមជនសង្ស័យ២នាក់ បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមម្ចាស់ម៉ូតូ ដែលពួកគេកាច់កបាននៅម្ដុំផ្លូវ៥៩៨ តែមិនបណ្ដាលត្រូវពលរដ្ឋណាម្នាក់នោះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ដោយដកស្រង់សម្ដីរបស់ជនរងគ្រោះថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពចូលទៅកាច់កម៉ូតូរបស់គាត់ នៅក្នុងផ្ទះតាមផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ម្ដុំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ហើយគេចខ្លួនបាត់ស្រមោល។
ក្រោយបាត់ម៉ូតូចេញពីក្នុងផ្ទះ ជនរងគ្រោះក៏បានជិះដើររកម៉ូតូរបស់ខ្លួន ដែលចោរកាច់កទៅបាត់ ស្រាប់តែប្រទះឃើញម៉ូតូ និងជនសង្ស័យ នៅក្បែរស្ថានីយ៍ប្រេង PTT ជិតផ្សារសាំហាន់ ក៏ស្រែកផ្អើលឆោឡោឡើងដើម្បីឲ្យគេឯងជួយ។ ស្របពេលដែលជនរងគ្រោះ កំពុងទៅជិតម៉ូតូរបស់ខ្លួន ភា្លមនោះស្រាប់តែជនសង្ស័យ បានដកកាំភ្លើងបាញ់មួយគ្រាប់ ហើយរត់ឡើងជិះម៉ូតូរបស់បក្ខពួកដើម្បីគេចខ្លួន ក៏បាញ់កាំភ្លើងមួយគ្រាន់បន្ថែមទៀត ទើបជនសង្ស័យគេចចេញពីកន្លែងកើតហេតុតែម្ដង។
ជនរងគ្រោះមានឈ្មោះ គង់ គីម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្រាប់ដំណើរបន្ថែមនោះ ជនរងគ្រោះបានប្រាប់ភ្នាក់ងារយកព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅខាងក្រោយកន្លែងប្តូរលុយ Wing ជិតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ តាមបណ្តោយផ្លូវលេខ៥៩៨ ខណៈនោះស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក បានមកធ្វើសកម្មភាពកាច់សោ-កម៉ូតូរបស់គាត់ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-1073។
ភ្លាមៗនោះគាត់បានស្រែកផ្អើលឆោឡោ និងបានជិះដើររកម៉ូតូរបស់ខ្លួន។ ស្រាប់តែពេលដែលកំពុងជិះម៉ូតូដើររក ក៏បានប្រទះឃើញម៉ូតូរបស់ខ្លួននៅជិតការ៉ាស់សាំង PTT ផ្លូវលេខ១០៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ភ្លាមៗនោះគាត់បានដើរទៅជិត និងស្រែកថាចោរៗ ពេលនោះជនសង្ស័យបានដឹងខ្លួន និងដកកាំភ្លើងចេញពីចង្កេះបាញ់មករកជនរងគ្រោះ មួយគ្រាប់ តែសំណាងល្អមិនត្រូវជនរងគ្រោះ រួចក្រុមជនសង្ស័យ បានរត់ឡើងលើម៉ូតូរបស់គ្នាគេម្នាក់ទៀត ក៏ដកកាំភ្លើងបាញ់មួយគ្រាប់ទៀត ហើយក៏ជិះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូជនរងគ្រោះ និងសំបកគ្រាប់ចំនួន២គ្រាប់ នៅនឹងកន្លែងកើតហេតុ។
យ៉ាងណាមិញ សម្រាប់ហេតុការណ៍ក្រុមចោរផ្ទុះអាវុធ២គ្រាប់នេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយក្រុមជនសង្ស័យ ក៏បានគេចខ្លួនចោលម៉ូតូដែលកាច់កបាននោះផងដែរ។ ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានចេញជួយអន្ដរាគមន៍ ដើម្បីស្រាវជ្រាវរកក្រុមជនសង្ស័យផងដែរ៕