(ភ្នំពេញ)៖ ថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ជាថ្ងៃ «សែននំព្រះខែ»។
អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវរឿងព្រេងរបស់ប្រជាជនចិន ទាក់ទងនឹងពិធីបុណ្យ «សែននំព្រះខែ» ជូនប្រិយមិត្តអ្នកអានបានស្វែងយល់។
យោងតាមឯកសារបានរៀបរាប់ថា៖ នៅចុងសតវត្សរ៍ទី១៤ ប្រទេសចិន ត្រូវបានក្តោបក្តាប់ និងឈ្លានពានដោយពួកម៉ុងហ្គោល ដែលបានផ្តួលរលំរាជវង្សសុង ហើយបង្កើតបានរាជវង្សមួយ ដោយខ្លួនឯងដែលមានឈ្មោះថា រាជវង្សយាន។ ក្រោមការត្រួតត្រារបស់រាជវង្ស យាន ប្រជាជនចិនដែលជាជនជាតិហាន រស់ក្រោមការភ័យខ្លាច និងមិនមានសេចក្តីសុខឡើយ ព្រោះរស់ក្រោមការធ្វើទុក្ខបុកម្នេញ ដោយសារតែការប្រកាន់ពូជសាសន៍រវាងរាជវង្ស សុង និង រាជវង្ស យាន។
ក្រោមការគ្រប់គ្រងដោយរាជវង្សយាន បានធ្វើឲ្យប្រជាជនចិន ដែលជាជនជាតិសុង រស់រងទុក្ខនោះ ក៏បានប្រែក្លាយជាការបះបោរ ព្រោះតែការគៀបសង្កត់របស់រាជវង្សយាន។ ក្នុងការបះបោរនោះមានមេដឹកនាំមួយ ឈ្មោះថា «ជូយានចាង» ដើម្បីធ្វើការប្រឆាំង និងបះបោជាមួយរាជការយាន។ គាត់បានធ្វើការប្រមូលកម្លាំងគ្រប់ទិសទី ក៏ប៉ុន្តែរាជវង្សយាន ធ្វើការរឹតបន្តឹងយ៉ាងខ្លាំងចំពោះ «ជូយានចាង» ក្នុងការផ្តល់ព័ត៌មានដល់ប្រជាជន ដើម្បីផ្សព្វផ្សាយដល់ប្រជាជនគ្រប់ទិសទី ដូច្នេះវាមានការលំបាកខ្លាំង។
ក្រោយមកដោយសារតែការរឹតបន្តឹង នៃការផ្តល់ព័ត៌មានបែបនេះ «ជូយាន ចាង» មានគ្រូរបស់គាត់មួយទៀត ដែលតែងតែផ្តល់នូវដំបូន្មាន។ លោកគ្រូនោះ ឈ្មោះ «លៀវ ប៉កវិន» បានផ្តល់មធ្យោបាយមួយថា «បើអញ្ជឹងយើងត្រូវតែជ្រើសយកថ្ងៃសែន នំព្រះខែ» ដោយយកសំបុត្រទាំងនោះដាក់ចូលក្នុងនំសែនព្រះខែ ដើម្បីធ្វើការចែកជូន ដល់អ្នកដែលបះបោរទាំងអស់ ដោយសារតែនំព្រះខែនេះហើយ បានធ្វើឲ្យអ្នកបះបោរទាំងអស់ បានមកជួបជុំគ្នាដោយកំណត់យក ថ្ងៃ១៥កើត ខែ៨ ដើម្បីធ្វើការប្រឆាំងបះបោរជាមួយកងទ័ពរាជការយាន ។ ដោយសារតែនំព្រះខែនេះហើយ បានធ្វើពួកអ្នកបះបោរ មកជុំគ្នាលើកជាទ័ព ប្រឆាំងជាមួយនឹងរាជវង្សយាន។ ទីបំផុត «ជូយានចាង» បានទទួលជោគជ័យនៅថ្ងៃនោះមែន ដែលជាថ្ងៃរំដោះខ្លួនពីពួកឈ្លានពានម៉ុងហ្គោល ក៏ដូចជាការការផ្តួលរលំរាជការយាន។
បន្ទាប់ពីការផ្តួលរលំរាជការយាន បានសម្រេច «ជូយានចាង» បានបង្កើតរាជវង្សថ្មី ដែលមានឈ្មោះថា «រាជវង្សម៉េង» ដើម្បីជាការរំលឹកនៃជ័យជំនះ «ជូយានចាង» បានរំលឹកដល់ថ្ងៃសែននំព្រះខែ។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃសែននំព្រះខែ «ជូយានចាង» តែងតែធ្វើនំសែនព្រះខែនេះ ចែកជូនដល់មន្ត្រីឲ្យបានទទួលទាននំសែនព្រះខែទាំងអស់គ្នា ដើម្បីបានសេចក្តីសុខសេចក្តីចម្រើន ហើយក៏បង្កើតបានជាទម្លាប់នៃប្រពៃណីជនជាតិចិន ដែលទម្លាប់សែននំព្រះខែ ហើយគេតែងតែយកនំនេះ ចែកជូនបងប្អូន ឬមិត្តភ័ក្រ្ត ឲ្យគ្នាទៅវិញទៅមក ហើយវាក៏ក្លាយជាទម្លាប់មួយដ៏ល្អ រហូតមកដល់សព្វថ្ងៃនេះ៕