(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំបូក សរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការភូមិឃុំមានសុវត្ថិភាពប្រចាំខែកញ្ញា និងលើកទិសដៅ ខែតុលាឆ្នាំ២០១៨ និងផែនការការពារបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាននាពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរងទទួលផែនជំនាញគ្រប់រូប លោកអនុប្រធានផែនជំនាញគ្រប់រូប លោក លោកស្រីនាយ នាយរងការិយាល័យជំនាញគ្រប់រូប លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបចំនួន២៩៧នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទ ខិតខំយកចិត្តទុកដាក់ការងារជំនាញ តាមផ្នែកនីមួយៗ ឲ្យបានច្បាស់លាស់ ជាពិសេសយកចិត្តទុកដាក់សម្រាប់ការការពារសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈសម្រាប់ពិធីបុណ្យប្រពៃណីជាតិខ្មែរ សម្រាប់ពេលខាងមុខ។
មួយវិញទៀត កម្លាំងអន្ដរាគមន៍ពិសេស និងកម្លាំងជំនួយអន្ដរាគមន៍ ត្រូវត្រៀមជានិច្ចនៅពេលមានហេតុការណ៍ណាមួយកើតឡើង ដើម្បីចេញអន្ដរាគមន៍ឲ្យបានទាន់ពេលវេលា ដោយត្រូវត្រៀមទាំងមធ្យោបាយ និងសម្ភារផងដែរ៕