(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញគ្រប់គ្រងបញ្ហាអធិបតេយ្យភាព តួនាទីនិងឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅនៃរដ្ឋសភា ព្រឹទ្ធសភា សមាជនិងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅនៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាលនិងសភា ជាតិ។
ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។
ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។
រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា។
នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឲ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។
រដ្ឋធម្មនុញ្ញ ដែលមានវត្តមានក្រោយការបញ្ចប់សង្រ្គាមនេះ មកពេលបច្ចុប្បន្ន មានអាយុកាល ២៤ឆ្នាំហើយ។ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០១៨នេះ រដ្ឋធម្មនុញ្ញនេះ បានធ្វើវិសោធនកម្ម០៨ លើកហើយ។ លើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤, លើកទី២ ខែ មីនា ឆ្នាំ ១៩៩៩, លើកទី៣ ខែ កក្កដា ឆ្នាំ ២០០១, លើកទី៤ ខែមិថុនា ឆ្នាំ ២០០៥, លើកទី៥ ខែ មីនា ឆ្នាំ ២០០៦, លើកទី៦ ខែ កុម្ភៈ ឆ្នាំ ២០០៨ និងលើកទី៧ ខែតុលា ឆ្នាំ២០១៤ គឺធ្វើវិសោធនកម្មមាត្រា៧៦ ដាក់បញ្ចូលច្បាប់បោះឆ្នោតទៅច្បាប់កំពូលរបស់ជាតិ និងលើកទី៨ នៅខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៥៣ និងមាត្រា១១៨ ស្តីពីការកំណត់សមាសភាពសមាជិកគណៈរដ្ឋមន្ត្រី។
ដើម្បីអបអរសាទរខួបលើកទី២៥ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ លោក ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ឱ្យបោះពុម្ពផ្សាយរដ្ឋធម្មនុញ្ញចំនួន ២,៥០០០ច្បាប់ ដើម្បីធ្វើការចែកជូនគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ ទាំងអស់។
ការបោះពុម្ពផ្សាយនេះ ជាការបញ្ជ្រាបការយល់ដឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសទៅក្នុងមជ្ឍដ្ឋានទាំងអស់របស់សង្គមជាតិ ដើម្បីលើកកម្ពស់នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តបោះពុម្ពផ្សាយជាច្រើនម៉ឺនច្បាប់ទៀត ដោយធ្វើយ៉ាងណាឱ្យច្បាប់កំពូលរបស់ជាតិមួយនេះ ត្រូវបានផ្សព្វផ្សាយទៅដល់គ្រប់ស្រទាប់នៃសង្គម ជាពិសេសបានដល់អាជ្ញាធរមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាដើម។
ខាងក្រោមនេះ គឺជាប្រវត្តិ នៃការបង្កើតរដ្ឋធម្មនុញ្ញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៤៧៖
- រដ្ឋធម្មនុញ្ញលើកទី១៖ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់បប្តូរទម្រង់ នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។
- រដ្ឋធម្មនុញ្ញលើកទី២៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមានការផ្លាសប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកវិញ។
- រដ្ឋធម្មនុញ្ញលើកទី៣៖ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យដែលមានតេ ២១មាត្រា ចែកចេញជា ១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងអំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ។
- រដ្ឋធម្មនុញ្ញលើកទី៤៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១។
- រដ្ឋធម្មនុញ្ញលើកទី៥៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធា រណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន៩៣ មាត្រា និង១០ ជំពូក។
- រដ្ឋធម្មនុញ្ញលើកទី៦៖ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី ២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូបតំណាង ឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផល ចុងក្រោយគឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ និងគណបក្សមូលីណាការទទួលបាន០១ អាសនៈ។
បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញបានដំណើរការយ៉ាងសកម្មរហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានអនុម័តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយសំឡេង ៩៧% គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាព្រះបាទនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣៕