(ស្វាយរៀង)៖ សិស្សនិស្សិតជាង៤០០នាក់ ដែលរស់នៅឃុំក្រោលគោ-ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានទទួលបានសម្ភារសិក្សាពីក្រុមហ៊ុនមិត្តហ្វូន។
សូមជម្រាបថា ក្រុមហ៊ុនមិត្តហ្វូន បានបង្កើតកម្មវិធី «Munny Care Program» ដើម្បីជួយសិស្សានុសិស្ស ចាប់តាំងពីកម្រិតបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យដែលមានសមត្ថភាពរៀនពូកែ និងកំពុងជួបបញ្ហាជីវភាពខ្វះខាត ព្រមទាំងសម្ភារសិក្សាសម្រាប់បវេសនកាលឆ្នាំថ្មី។ កម្មវិធីនេះបានចំណាយទឹកប្រាក់១០ម៉ឺនដុល្លារ ដើម្បីចាប់ផ្តើមយុទ្ធនាការមួយនេះទូទាំងប្រទេសកម្ពុជា។
ដោយឡែកសម្រាប់ការចែកអំណោយ ដល់សិស្សានុសិស្សនៅក្នុងខេត្តស្វាយរៀងនេះ មិត្តហ្វូនបានផ្តល់ជូនកង់មួយគ្រឿង, កាបូបស្ពាយ, សៀវភៅ, ប៊ិច, ខ្មៅដៃទៅដល់សិស្សានុសិស្សនៅ ឃុំក្រោលគោ-ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់ក្លាយខ្លួនជាទំពាំងស្នងឬស្សីនាពេលអានាគត។
នេះជាការសកម្មភាពថ្មីមួយរបស់មិត្តហ្វូនជាមួយនឹងទស្សនវិស័យ «អ្នកយកចិត្តទុកដាក់-ច្នៃប្រឌិតខ្ពស់» សំដៅទៅលើប្រជាជន ដែលកំពុងខ្វះខាតព្រមទាំងតម្រូវការនៅគ្រប់ទូទាំង កន្លែងនៃប្រទេសកម្ពុជា។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា «តាំងពីមិត្តហ្វូនមានវត្តមាននៅលើទីផ្សារកម្ពុជា បានចូលរួមសកម្មភាពកិច្ចការទំនួលខុសត្រូវសង្គមជាច្រើន នេះជាកម្មវិធីថ្មីមួយទៀតរបស់ក្រុមហ៊ុន ដែលបានបន្តបេសកកម្ម»។
លោកបន្ដទៀតថា កម្មវិធីនេះរៀបចំឡើងដើម្បីបង្ហាញនូវសេចក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការគាំទ្រលើវិស័យអប់រំចំពោះក្មេងៗ ដែលជាយុវជនជំនាន់ក្រោយ ឲ្យកាន់តែមានកម្លាំងចិត្ត និងសមត្ថភាពអាចបន្តការសិក្សា រហូតបញ្ចប់ដោយជោគជ័យ ដើម្បីក្លាយជាក្មេងល្អ, យុវជនល្អ និងជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ ហើយនេះជាការសម្រួលដល់ជីវភាព របស់គេបានមួយកម្រិតផងដែរ៕