(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក វ៉ាន់ សែនវិសុទ្ធ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនចោរវ័យក្មេងចំនួន២នាក់ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ។
ចោរឆក់ដ៏សកម្មទាំង២នាក់ដែលគេស្គាល់ថា ជាកូនថៅកែលក់-ពេជ្រ នៅផ្សារទួលទំពូងរួមមានទី១៖ ឈ្មោះ វ៉េង ម៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មានអាស័យដ្ឋានផ្ទះសង់ថ្មីអត់លេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ គន្ធា ម៉េងលី ហៅសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យផ្សារដើមថ្កូវ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» យោងតាមមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនសង្ស័យទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឆក់កាបូបជនជាតិចិនម្នាក់ឈ្មោះ XU DONG HUIL ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ PE 1406431 ជាភ្ញៀវទេសចរណ៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានប្រាក់ជិតមួយម៉ឺនដុល្លារ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងចាប់យករួមមានម៉ូតូម៉ាក PCX ១គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1GY-5833 និងមួយគ្រឿងម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-9700 ដែលពួកគេបានជិះធ្វើសកម្មភាពឆក់កន្លងមក៕