(ឡូវែល-សហរដ្ឋអាមេរិក)៖ តំណាងរាស្ដ្រអាមេរិកដែលមានឈាមជ័រជាខ្មែរ នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានប្រកាសដូចៗគ្នាថា ពួកគាត់នឹងទៅចាំ ទទួលស្វាគមន៍ និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលចូលប្រជុំនៅអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមិនខ្វល់ពីក្រុមមួយក្ដាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនោះឡើយ។
ពួកគាត់ក៏បានអះអាងថា ការទៅចូលរួមគាំទ្រ និងស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន គឺគ្មានការបង្ខិតបង្ខំ ឬជួលលុយអ្វីទាំងអស់ ពោលពួកគាត់ទៅចំណាយលុយខ្លួនឯងទាំងអស់ លើការស្នាក់នៅ និងការធ្វើដំណើរជាដើម ព្រោះថា ទឹកចិត្តស្រលាញ់សម្ដេចតេជោ ហ៊ុន សែន ធំធេងខ្លាំងណាស់ ដោយអ្នកខ្លះថា គាត់មិនដែលបានជួបសម្ដេចផ្ទាល់តាំងកើតមកម្ល៉េះ។
ក្រៅពីបង្ហាញទឹកចិត្តគាំទ្រយ៉ាងខ្លាំងលើសលុបហើយនោះ ពលរដ្ឋខ្មែរដែលមិនភ្លេចដើមកំណើតខ្លួនឯង ដូចបុគ្គលក្ដាប់តូច ក៏បានសម្ដែងនូវការខឹងសម្បារ ចំពោះការលើកឡើងមួយចំនួនថា មានការដកអាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ដោយពួកគាត់បញ្ជាក់ថា នេះគ្រាន់តែជាបំផុសព័ត៌មានអកុសល និងមានចេតនាបំផ្លាញកម្ពុជាប៉ុណ្ណោះ ព្រោះគ្មាននរណាម្នាក់ដកអាសនៈរបស់កម្ពុជាឡើយ។
មានឈាមជ័រជាខ្មែរហើយបានជាប់តំណាងរាស្ដ្រនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក លោក រ៉ា ឌីមុំ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿថាបងប្អូនយើងទាំងអស់ ទាំងក្នុង និងក្រៅប្រទេស នឹងធ្វើដំណើរទៅជួបសម្ដេច ហ៊ុន សែន នឹងសំណេះសំណាលជាមួយ។ ជាពិសេសទៀត ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាទៅលេងប្រទេសជាតិយើងឲ្យបានឃើញការរីកចម្រើន [...] សេរីភាពបងប្អូនអាចជួបជុំគ្នាបាន អាចលើការសន្ទនាបានមិនមែនយកច្បាប់មកគាប់សង្កត់បានឡើយ»។
ដោយឡែកនិស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះ ក៏បានអះអាងដូចៗគ្នាថា «ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំចង់ជួបសម្ដេច ព្រោះខ្ញុំចូលចិត្តគាត់ និងស្រលាញ់គាត់ និងការអភិវឌ្ឍប្រទេសកម្ពុជាអស្ចារ្យ ដូច្នេះហើយខ្ញុំចង់ជួបសម្ដេច។ ការចង់ជួបសម្ដេចនេះ គឺជាក្ដីបំណងរបស់ខ្ញុំតាំងពីតូច ខ្ញុំមិនដែលបានជួបមុខគាត់សោះ ហើយនេះគឺជាឱកាសល្អសម្រាប់ខ្ញុំដែលបានទៅជួបគាត់»។
លោក ស៊ីធន ដែលរស់នៅទីក្រុងឡូវែលដូចគ្នានេះ ក៏បានបញ្ជាក់ដែរថា ចាត់ទុកថាអ្វីដែលក្រុមមួយក្ដាប់តូចដែលនិយាយថា ការទម្លាក់ទង់ជាតិកម្ពុជា នៅអង្គការសហប្រជាជាតិនោះ ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋមួយចំនួនតូចដែលខ្វះការពិចារណាតែប៉ុណ្ណោះ ហើយការនិយាយនេះ ដើម្បីតែផលប្រយោជន៍ផ្ទាល់គេតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំ អង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕
ខាងក្រោមនេះជាវីដេអូរបស់ប្រជាពលរដ្ឋ សម្តែងអារម្មណ៍រីករាយ ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖