(សៀមរាប)៖ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ដចុះជួបសំណេះសំណាល និងផ្ដល់ប័ណ្ណបេឡាសន្ដិសុខសង្គម របស់សម្ដេចតេជោ ហ៊ុន សែន ជូនសមាជិកអតីតយុទ្ធជននៅខេត្តសៀមរាប ចំនួន៤,៥៦៥នាក់។
ពិធីដែលបានធ្វើនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសៀមរាប ខេត្តសៀមរាប ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនខេត្តសៀមរាប រួចមកលោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់សមាជិកទាំងអស់ ព្រមទាំងបានបញ្ជាក់ថាដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសមាជិកទើបថ្ងៃនេះ សមាជិកនៅក្នុងខេត្តសៀមរាបទទួលបានប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ការព្យាបាលជំងឺដោយមិនអស់លុយនៅតាមមន្ទីរពេទ្យ។
ថ្លែងបន្ថែមលើសពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឋានៈជាអគ្គលេខាធិការសមាគម បានថ្លែងកោតសសើរ និងអរគុណចំពោះសមាជិកអតីតយុទ្ធជន ដែលបានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន រហូតទទួលបានលទ្ធផលត្រចេះត្រចង់។
ជាចុងក្រោយ លោកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន គ្រប់ថ្នាក់ត្រូវមើលថែ និងជួយដោះស្រាយការលំបាករបស់ សមាជិកសមាគមអតីតយុទ្ធជន ឲ្យបានទាន់ពេលវេលា៕