(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរិះគន់ក្រុមប្រឆាំងមួយ ដែលចាំតាមថតប្រជាពលរដ្ឋខ្មែរដែលទៅទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីរាយការណ៍ញុះញង់ឱ្យអាមេរិកបណ្តេញពលរដ្ឋខ្មែរទាំងនោះចេញពីទឹកដីសហរដ្ឋអាមេរិកនោះ ថាជាទង្វើបំពាន រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
ប្រតិកម្មអ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា ក្រុមអ្នកមាននិន្នាកានយោបាយប្រឆាំងមួយចំនួន បានបង្ហាញផែនការតាមថតយករូបប្រជាពលរដ្ឋខ្មែរទាំងឡាយណាដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយកំពុងត្រៀមខ្លួនប្រមូលគ្នីគ្នាទៅរង់ចាំទទួលស្វាគមន៍ការអញ្ជើញទៅដល់របស់ សម្តេចតេជោ ហ៊ុន សែន នៅបុរីញូវយ៉ក ដើម្បីចូលរួមប្រជុំមហាសន្និបាតអសបលើកទី៧៣ នាពេលឆាប់ៗខាងមុខនេះ។ ពួកគេនឹងកត់ឈ្មោះ និងថតរូបអ្នកចូលរួមទទួលស្វាគមន៍សម្តេចតេេជោហ៊ុន សែន ដើម្បីយកទៅរាយការណ៍ជូនអាមេរិក ដោយរំពឹងឲ្យអាមេរិកដាក់ទណ្ឌកម្មបណ្តេញអ្នកគាំទ្រ CPP ចេញ មិនឲ្យរបានរស់នៅក្នុងសហរដ្ឋអាមេរិកតទៅទៀត។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការមានផែនការចាំកត់ឈ្មោះ និងថតរូបអ្នកដែលទៅចាំទទួលជួបស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោហ៊ុន សែន នៅបុរីញូវយ៉កនោះ គឺជាទង្វើបំពាន និងរំលោភសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ជាពិសេសសម្រាប់អ្នកដែលយល់ដឹងហើយ នៅតែល្មើសទៀត គឺជាកំហុសធ្ងន់ធ្ងរណាស់»។
លោកបានបន្តទៀតថា អ្នកដែលបំពានលើសិទ្ធិអ្នកដទៃ និងរំលោភការសម្រេចចិត្តរបស់អ្នកដទៃ មិនមែនជាអ្នកប្រជាធិបតរមេយ្យទេ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ជាអ្នកអនាធិបតេយ្យដោយគ្រាន់តែយកសិទ្វិមនុស្សនិងលទ្វិប្រជាធិបតេយ្យមកបិទបាំងតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។
ស្របពេលដែលមានដំណឹងអំពីវត្តមានសម្តេចតេជោ ហ៊ុន សែន នៅញូវយ៉កនេះ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅសហរដ្ឋអាមេរិក បានសម្តែងការត្រេកអរ និងប្រកាសរង់ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅទីនោះផងដែរ។ ទោះជាយ៉ាងនេះ សម្រាប់សម្តេចតេជោ, សម្តេចបានបង្ហាញអំពីការរំពឹងថា សម្តេចនឹងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិកទៀតផង៕