(ភ្នំពេញ)៖ ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ! ពិតជាត្រឹមត្រូវសម្រាប់បរិបទកម្ពុជានៅពេលនេះ ព្រោះក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងនាំគ្នាធ្វើយុទ្ធនាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិបំភ្លៃការពិតអំពីកម្ពុជា ខណៈកម្ពុជាពិតមិនដូចអ្វីដែលនៅលើបបូរមាត់ក្រុមប្រឆាំង និងចៅហ្វាយនាយបរទេសរបស់ពួកគេដែលកំពុងបរិហារឡើយ។
កម្ពុជាពិត គឺជាកម្ពុជាដែលពលរដ្ឋខ្មែរទទួលស្គាល់ថា មានសុខសន្តិភាព មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងប្រកបដោយការអភិវឌ្ឍ។ កម្ពុជាដែលមានកេរ្តិ៍ឈ្មោះ និងបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសំណាក់សហគមន៍អន្តរជាតិ ចំពោះដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីកន្លងទៅនេះ។ យ៉ាងហោចណាស់មេដឹកនាំកំពូលនៃប្រទេសចំនួន២៦ បានផ្ញើសារលិខិតអបអរសាទរ ចំពោះរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលទើបនឹងបង្កើតដោយប្រកាសបន្តធ្វើការជាមួយ ព្រមទាំងគាំទ្រលើដំណើរការអភិវឌ្ឍប្រទេសកម្ពុជាថែមទៀតផង។
នេះគឺជាសច្ចធម៌ដែលកម្ពុជាទទួលបានពីមិត្តភ័ក្តិបរទេសដែលធ្វើទំនាក់ទំនងការទូតដោយស្មើសិទ្ធិនិងស្មើភាព មិនដូចក្រុមអ្នកនយោបាយនៃប្រទេសមួយចំនួន ដែលមានគំនិត អាណានិគមនិយមបែបថ្មី ខិតខំប្រើឥទ្ធិពលខ្លួន ចាប់បង្ខំកម្ពុជាឱ្យទទួលយកនូវសេចក្តីសម្រេចរបស់ខ្លួន ឬគោលនយោបាយរបស់ខ្លួនទាំងបំពាន ធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការប្រើប្រាស់អ្នកនយោបាយក្បត់ជាតិខ្មែរ រត់ចោលស្រុក និងអ្នកនយោបាយកញ្ជះបរទេសប្រឆាំងនឹងផលប្រយោជន៍ពលរដ្ឋខ្មែរខ្លួនឯង មិនមែនទើបតែកើតមាននៅពេលនេះទេ គឺមានជាយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយមហាអំណាច និងបស្ចឹមប្រទេសខ្លះបានព្យាយាមចាប់បង្ខំឱ្យកម្ពុជាដើរតាមគោលនយោបាយខ្លួន ប៉ុន្តែលទ្ធផលកម្ពុជា ដែលពួកបស្ចឹមប្រទេស និងមហាអំណាចចង់បានធ្លាក់ផ្លូវ និង ផ្តល់មេរៀនប្រវត្តិសាស្ត្រជូរចត់ដល់អ្នកនយោបាយខ្មែរមួយចំនួនដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែល ជឿងុបលើអាមេរិក ប៉ុន្តែទីបំផុតគ្មានតម្លៃត្រូវគេបោះបង់ចោល។ កម្ពុជាបច្ចុប្បន្ន ក្រោមការគ្រប់គ្រងនិងចាត់ចែងកិច្ចការ និងវាសនាជាតិរបស់ខ្លួនផ្ទាល់ បានធ្វើឱ្យប្រទេសមួយនេះរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។
ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមយល់កាន់តែច្បាស់ថាមានតែបាតដៃខ្មែរខ្លួនឯងប៉ុណ្ណោះ ដែលអាចការពារជាតិខ្លួន ឱ្យស្ថិតស្ថេរនៅក្នុងសុខសន្តិភាពបាន។ ជនបរទេសដែលអួតអាងថាស្រឡាញ់ខ្មែរលើស ពលរដ្ឋខ្មែរគឺគ្រាន់តែប្រើនយោបាយ «ហុតទឹក សំឡេងកាក» តែប៉ុណ្ណោះ។ ពួកគេប្រើប្រាស់គ្រប់ល្បិចនិង មធ្យោបាយដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន ផ្លាស់ប្តូររបបដឹកនាំដែលមិនដើរតាមខ្លួន ក្រោមកលល្បិចបដិវត្តន៍ពណ៌ជ្រកក្រោមស្លាក សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍដែលកម្ពុជាមាន មិនទាន់មានសុវត្ថិភាពនៅឡើយទេ ពោលគឺស្ថិតនៅក្នុងភាពផុយស្រួយដែលទាមទារការថែរក្សា និងការពារយ៉ាងហ្មតចត់ បំផុត ព្រោះក្រុមអ្នកនយោបាយក្បត់ជាតិ កញ្ជះបរទេសមួយចំនួន ដែលដឹកនាំដោយសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា ទាយាទនយោបាយកញ្ជះបរទេសរបស់ កឹម សុខា បាននិងកំពុងបំផ្លាញកម្ពុជា គ្រប់រូបភាព គ្រប់មធ្យោបាយ ក្រោមខ្សែញាក់របស់ចៅហ្វាយបនាយបរទេសរបស់ពួកគេ។ ក្រុមប្រឆាំងទាំងនេះ ដែលគេដឹងថាកំពុងបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងររវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយមដឹកនាំដោយ កឹម មនោវិទ្យា កូនស្រី កឹម សុខា បាននិងកំពុងប្រជែងគ្នា ដណ្តើមស្នាដៃក្នុងការបំផ្លាញជាតិ តាមរយៈការធ្វើសកម្មភាពការទូតជាមួយក្រុមអ្នកនយោបាយប្រឆាំង នៅបណ្តាប្រទេសមួយចំនួន ដែលជាចៅហ្វាយនាយ និងសម្ព័ន្ធមិត្ររបស់ខ្លួន។
ពួកគេពិតជាមិនញញើតអ្វីបន្តិចឡើយ ក្នុងការវាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែរជាពិសេសកម្មករកម្មការិនីដោយបានអង្វរបរទេសឱ្យឈប់ផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជា។ ពួកគេ ពិតជាសាហាវឃោរឃៅមិនចាញ់ ប៉ុលពត ប៉ុន្មានឡើយ។ ក្រុមអ្នកនយោបាយអង្ករកំប៉ុងទាំងនេះ មិនបានគិតពីផលប្រយោជន៍ជាតិវែងឆ្ងាយឡើយ ហើយបានគេចវេសពីទង្វើ ខុសច្បាប់របស់ខ្លួនដោយពួកគេគិតថាការពឹងពាក់បរទេស ការធ្វើជាខ្ញុំកញ្ជះបរទេស និងយកបូរណភាពដែន ដី និងអធិបតេយ្យជាតិទៅដាក់ក្រោមបាតជើងបរទេសគឺជាទង្វើស្នេហាជាតិ ស្រឡាញ់ប្រជាជន និងជាតិខ្មែរ ទៅវិញ។
ទង្វើនេះគឺជាអំពើដ៏ថោកទាប និងគួរឱ្យស្អប់ខ្ពើមបំផុត។ មានអ្នកនយោបាយវង្វេងជាតិខ្លះរហូត ដល់គំរាមធ្វើបាតុកម្មដើម្បីបង្ខំឱ្យកម្ពុជាទទួលយកគំនាបបរទេសទៀត។ តើនេះឬជាអ្នកស្នេហាជាតិនោះ? ពួកគេគ្រាន់តែជាកញ្ជះបរទេសដាច់ថ្លៃតែប៉ុណ្ណោះ និងធ្វើនយោបាយបំផ្លាញជាតិខ្មែរ។
ជាតិ និងប្រជាជនកម្ពុជាគឺជាជាតិសាសន៍ដែលមានកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងជាពូជសាសន៍ដែលប្រកបដោយមោទនភាពជាតិមិនអាចឱនក្បាលចំពោះ ជនបរទេសណាមួយឡើយ។ ពលរដ្ឋខ្មែរ បានតាំងចិត្តមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញកម្ពុជានេះ ហើយរួមជាធ្លុងមួយដើម្បីកម្ចាត់រាល់ជន ក្បត់ជាតិទាំងឡាយដូច សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា នេះ។ ប្រសិនបើពួកគេទាំងនេះ ក្បត់ជាតិ សូមក្បត់ជាតិតែក្រុមខ្លួនចុះ កុំនាំថោកតម្លៃដល់ជាតិសាសន៍ខ្មែរទាំងមូល ហើយគួរបញ្ឈប់ការតស៊ូមតិតាមបែបកញ្ជះបរទេសដាច់ថ្លៃ ព្រោះវាគ្រាន់តែជាការបម្រើផលប្រយោជន៍បរទេស បំផ្លាញខ្មែរតែ ប៉ុណ្ណោះ។ ខ្មែរពេលនេះមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រេចលើជោគវាសនាប្រទេសខ្លួន និងក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីកម្ចាត់រាល់កលល្បិចទុច្ចរិតរបស់ក្រុមក្បត់ជាតិដែរ។ ក្រុមក្បត់ជាតិនឹង ជួបតែបរាជ័យងើបមុខមិនរួច៕
ដោយចៅចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨