(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់សម្តេចថា នៅថ្ងៃនេះ គឺជាខួប២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបសម្តេច នៅខេត្តសៀមរាប (២៤ កញ្ញា ១៩៩៨-២៤ កញ្ញា ២០១៨)។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
សម្តេចបានបញ្ជាក់ទៀតថា ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា «ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់ នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្រ្គាមអាចបញ្ចប់បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ? នេះជាចម្លើយដែលត្រូវឆ្លើយសម្រាប់សំណួរទាំងពីរខាងលើនេះ»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «អរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ ដែលជួយការពារខ្ញុំនាពេលនោះ។ ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះ គឺតាមផ្លូវងងឹត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមក បានជួយជីវិតខ្ញុំឲ្យខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យខ្ញុំបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ»។
បើទោះជាមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតសម្តេចក្តី ក៏សម្តេចតេជោ ហ៊ុន សែន បានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់សម្តេច នៅខេត្តសៀមរាបរួចហើយ បើទោះជាសម្តេចមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «តែអ្នកត្រូវដឹងថា ពេលណានៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»៕