Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត៖ ភារកិច្ច កាតព្វកិច្ចរបស់កងទ័ពសម័យនេះ មិនខុសពីកងទ័ពសម័យមុនឡើយ គឺការពារជាតិ ទឹកដី និងប្រជាជន

23-09-2018 16:41

(កណ្ដាល)៖ លោកឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក​ បានដាស់តឿនដល់កងទ័ព នៅកម្ពុជាឱ្យចងចាំ និងអនុវត្តនូវអនុសាសន៍មួយឃ្លាថា «ភារកិច្ច កាតព្វកិច្ចរបស់កងទ័ពសម័យនេះ មិនខុសពីភារកិច្ច​ កាតព្វកិច្ចរបស់កងទ័ពសម័យមុននោះទេ គឺការពារជាតិ ការពារទឹកដី និងប្រជាជន»

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ អតីតនាយទាហាន មកពីសាលាហ្វឹកហ្វឺននាយទាហាន (ង៥០ ដីឥដ្ឋ) នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ស្នាដៃជាច្រើនរបស់កងទ័ព បានចូលរួមក្នុងបុព្វហេតុជាតិជាច្រើន ដូចជាទប់ស្កាត់ការវិលត្រលប់មកវិញ នូវ​របបខ្មែរ​ក្រហម​ កិច្ច​ព្រមព្រៀង ២៣ តុលា​ ១៩៩៣​ និង​បញ្ចប់​សង្គ្រាម​ឆ្នាំ១៩៩៨​ និងការពារថែរក្សាសុខសន្តិភាពដល់សព្វថ្ងៃនេះ។

លោកបានផ្ដល់អនុសាសន៍ពិសេសមួយឃ្លាថា «ភារកិច្ច កាតព្វកិច្ចរបស់កងទ័ពសម័យនេះ មិនខុសពីភារកិច្ច កាតព្វកិច្ចរបស់កងទ័ពសម័យមុននោះទេ គឺការពារជាតិ ការពារទឹកដី និងប្រជាជន»

លើសពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការការពារជាតិមិនអាចប្រែប្រួលបាននោះទេ គឺត្រូវពង្រឹងបន្ថែម។ ដូច្នេះកងទ័ពសម័យនេះ និងកងទ័ពគ្រប់ជំនាន់ ត្រូវការពារសុខសន្តិភាព និងសមិទ្ធផលដែលរៀមច្បងបានបន្សល់ទុកឲ្យ និងចូលរួមថែរក្សាការពារ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងអតីតនាយទាហាន មកពីសាលាហ្វឹកហ្វឺននាយទាហានទាំងអស់ ចំពោះការដឹងគុណ នៃការលះបង់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកអគ្គមេបញ្ជាការ​រង ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះនាយទាហាន​ស្ម័គ្រចិត្ត​ ចូល​រួម​ក្នុង​ការ​បម្រើ​កង​ទ័ព​នាសម័យនោះ​ ព្រោះការចូលបម្រើកងទ័ព ក្នុងសម័យសង្គ្រាម គឺជាកាលះបង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ ដែល​យុវជនជំនាន់ក្រោយត្រូវតែដឹងគុណ​ ដោយសារតែ​ការ​លះបង់​នេះ​ហើយ ដែល​ធ្វើ​កម្ពុជាមានសន្តិភាព​ មានឱកាស​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​រហូត​មក​ដល់​សព្វ​ថ្ងៃ៕