(បាត់ដំបង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សសមាជិក ស.ស.យ.ក និងចែករង្វាន់ម៉ូតូ ជូនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន២៣នាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលមានការចូលរួមពីលោក ងួន រតន: អភិបាលខេត្ត និងអ្នកចូលរួមចំនួន ១,០៣៩នាក់។
លោក ងួន រតនៈ បានបញ្ជាក់ថា គុណភាពលើវិស័យអប់រំកាន់ តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីមានការកែទម្រង់ស៉ីជម្រៅ របស់រាជរដ្ឋាភិបាលលើវិស័យអប់រំកន្លងមក ធ្វើឲ្យសិស្សានុសិស្ស បានខិតខំរៀនសូត្រ ប្រកបដោយគុណភាព ដែលជាធនធានមនុស្សដ៏ល្អមួយ សម្រាប់បន្តវេន របស់ប្រទេសជាតិទៅថ្ងៃក្រោយ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជូនថវិកាទាំង២៣នាក់ ក្នុងម្នាក់ៗទទួលបាន១០០ដុល្លារអាមេរិកផងដែរ។
លោក ស សុខា បានដាស់តឿនដល់សិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតថ្មីៗនេះ ត្រូវតែខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។
លោក ស សុខា បានក្រើនរំឭកដល់ប្អូនៗទាំងអស់ មិនត្រូវភ្លេចគុណលោកគ្រូ-អ្នកគ្រូទេ។ លោកថា យ៉ាងហោចណាស់ ត្រូវនាំគ្នាទៅសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ពួកគាត់ ដែលបានបង្រៀន ឲ្យមានចំណេះដឹង និងបានប្រលងជាប់នាពេលនេះ ជាពិសេសគ្រាន់តែនាំយកអំណោយ កំដរដៃបន្តិចបន្តួចទៅជូនគាត់ លើកទឹកចិត្តឲ្យពួកគាត់បានសប្បាយចិត្ត ក៏បាន។
សូមជម្រាបថា ការប្រកាសលទ្ធផលរបស់ក្រសួងអប់រំ បានបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុប ទូទាំងខេត្តបាត់ដំបងឆ្នាំនេះ មានចំនួនអ្នកប្រឡងជាប់សរុបចំនួន៤,៧៦៩ នាក់ ស្មើនឹង៦៥.៩៣ភាគរយ។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន២៣នាក់, និទ្ទេស B ចំនួន១៥៦នាក់, និទ្ទេស C ចំនួន៤២១នាក់, និទ្ទេស D ចំនួន១,០៣៥នាក់, និងនិទ្ទេស E ចំនួន ៣,១៣៤នាក់៕