
នារីម្នាក់សង្ស័យវិកលចរិត ម្ដងចោទថា គូដណ្ដឹងនាំបក្ខពួក៤នាក់ចាប់រំលោភ ម្ដងថានគរបាល និងអ្នកកាសែតរំលោភនាងទៅវិញ
23-09-2018 15:08
(ភ្នំពេញ)៖ នារីម្នាក់ត្រូវបាននគរបាលសង្ស័យថា ជាមនុស្សមានសតិមិនប្រក្រតី បន្ទាប់ពីនាងនិយាយត្រឡប់ត្រឡិនរកជឿមិនបាន ដោយម្ដងប្រាប់ថាត្រូវគូដណ្ដឹងនាំបក្ខពួក ៤នាក់ទៀត ចាប់រំលោភរហូតបានសម្រេចគ្រប់គ្នា រួចគេចខ្លួនបាត់អស់ ហើយម្ដងទៀតនិយាយថានាងមានប្ដី និងកូនប្រុសម្នាក់ ចុះឡើងៗបែរជាចង្អុលនគរបាល និងអ្នកកាសែតថាជាអ្នករំលោភនាងទៅវិញ។
ហេតុការណ៍នោះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីម្នាក់នោះមានអាយុប្រហែលជាង២០ឆ្នាំ ហើយមិនដឹងថាស្នាក់នៅទីណាពិតប្រាកដនោះទេ ម្ដងប្រាប់ថាស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះពេលនគរបាលបើករថយន្តជូនទៅរកផ្ទះ ស្រាប់តែនាងប្រែក្រឡះថាអត់ស្គាល់ទៅវិញ ទើបនគរបាលដឹកត្រឡប់ទៅប៉ុស្តិ៍វិញ និងហៅឲ្យខាងមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នាំយកទៅថែរក្សា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីរូបនោះបានដើរម្នាក់ឯង ខណៈនោះមេឃមិនទាន់ភ្លឺច្បាស់នៅឡើយ។ ពេលនោះ កម្លាំងប្រជាការពារភូមិបានឃាត់សួរនាំ ហើយសួរដប់ម៉ាត់នាងឆ្លើបានមួយម៉ាត់ៗប៉ុណ្ណោះ នាងបានប្រាប់ថាត្រូវយុវជនម្នាក់ឈ្មោះ ហៃ ត្រូវជាគូដណ្ដឹង រួមជាមួយមិត្តភក្ដិ ៩នាក់ទៀត នាំទៅផឹកស៊ីកន្លែងលក់ទឹកត្នោតជូរ នៅម្ដុំភូមិទួលពង្រ។
បន្ទាប់មក គូដណ្ដឹងរួមជាមួយបក្ខពួក៤នាក់ទៀត បាននាំនាងយកទៅរំលោភបូក ហើយក្រោយពីនាងនិយាយបែបនេះ ប្រជាការពារបាននាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីធ្វើការសួរនាំបន្ត។ ប៉ុន្តែក្រោយពេលនគរបាលសួរនាំ និងស្រាវជ្រាវ ទើបសង្ស័យថានាងជាមនុស្សមានសតិមិនប្រក្រតី ហើយអ្វីដែលនាងនិយាយមិនអាចយកជាការបានឡើយ៕