(ប៉េកាំង)៖ កិច្ចពិភាក្សាយ៉ាងក្ដៅគគុកកំពុងត្រូវបានប្រព្រឹត្តទៅនៅក្នុងប្រទេសចិន ដើម្បីស្វែងរកយុទ្ធសាស្ត្រសងសឹក សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងមិនអាចសងសឹកសត្រូវរបស់ខ្លួនវិញបានពេញទំហឹងតាមរយៈការប្រើប្រាស់ពន្ធ ជាអាវុធទប់ទល់បានឡើយ ខណៈដែលទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់រវាងប្រទេសទាំងពីរមិនមានតុល្យភាពគ្នា។
ជាក់ស្តែងការនាំផលិតផលអាមេរិកចូលប្រទេស ចិន មានបរិមាណទឹកប្រាក់ទាបមែនទែន បើធៀបនឹងទំហំនៃការនាំផលិតផលចិន ទៅសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងបង្កើនពន្ធចំនួន១០ភាគរយលើការនាំចូលពីប្រទេសចិនដែល មានតម្លៃជាទឹកប្រាក់ចំនួន២០០ពាន់លានដុល្លារ នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ ហើយអត្រាពន្ធនឹង កើនឡើងដល់២៥ភាគរយ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ខាងមុខ បើរដ្ឋាភិបាលក្រុងប៉េកាំងមិនធ្វើសម្បទានអ្វីដល់ សហរដ្ឋអាមេរិកទេនោះ។
បើយើងបូកសរុបគ្នារវាងពន្ធលើការនាំចូលពីប្រទេស ចិន ទាំងថ្មី និងចាស់ (តម្លៃ៥០ពាន់លានដុល្លារ) មានន័យថាការនាំចេញរបស់ ចិនប្រហែលពាក់កណ្តាលត្រូវរងផលប៉ះពាល់ដោយសារការអនុវត្តវិធានការរបស់សហរដ្ឋអាមេរិក។ អាក្រក់ជាងនេះទៅទៀតនោះ លោក ត្រាំ បានគំរាមកំហែងបន្តដាក់គោលដៅលើទំនិញនាំចូលពីប្រទេសចិនទាំងអស់ ដរាបលុះត្រាតែប្រទេសចិនយល់ព្រម ដោះស្រាយជម្លោះ។ ជាអកុសល បើទោះជារងការឈឺចាប់បែបនេះក្តី ក៏ការសងសឹករបស់ចិនឆ្លើយតបសហរដ្ឋអាមេរិកមានទំហំ តូចមែនទែន គឺចន្លោះពី ៥ទៅ១០ភាគរយលើទំនិញអាមេរិក ដែលមានតម្លៃជាទឹកប្រាក់៦០ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ទំនិញនាំចូលពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេស ចិន មានតម្លៃជាទឹកប្រាក់សរុប១៥០ ពាន់លានដុល្លារ។ នៅពេល គោលការណ៍ដំឡើងពន្ធរបស់ចិនសងសឹងអាមេរិកចូលជាធរមាន នោះនឹងវានឹងបង្កផលប៉ះពាល់លើទំនិញដែលនាំចូលពីអាមេរិក ក្នុងទឹកប្រាក់ចំនួន ១១០ពាន់លានដុល្លារ។ មានន័យថា នៅសល់ទំនិញមានតម្លៃជាទឹកប្រាក់សល់ត្រឹមតែ៤០ពាន់លានដុល្លារ តែប៉ុណ្ណោះ ដែលមិនរងផលប៉ះពាល់។ ហេតុនេះបានជាចិនមិនអាចអនុវត្តយុទ្ធសាស្ត្រដំឡើងពន្ធតទល់នឹងអាមេរិកបានឡើយ។
ម្យ៉ាងទៀត ប្រសិនបើចិនហ៊ានអនុវត្តយុទ្ធសាស្ត្រដំឡើងពន្ធលើទំនិញដែលសល់ទាំងនេះ នឹងធ្វើបង្កការខាតបង់ដល់ក្រុមហ៊ុន ផលិតរបស់ចិនខ្លួនឯងវិញជាមិនខាន។ លោក Arthur Kroeber ប្រធានអ្នកស្រាវជ្រាវ និងជាសហស្ថាបនិកនៃក្រុមហ៊ុនសេវា ហិរញ្ញវត្ថុ Gavekal បានថ្លែងថាយុទ្ធសាស្ត្រពីមុននៃមេដឹកនាំចិនមិនថាតាមបែបធម៌ត្រជាក់ ឬក្តៅគឺសុទ្ធតែបរាជ័យទាំងអស់។
ដោយយោងតាមមន្ត្រីរដ្ឋាភិបាល ចិនបានស្នើបញ្ឈប់ការនាំចេញនូវផលិតផលសំខាន់ៗមួយចំនួនទៅសហរដ្ឋអាមេរិក ព្រមទាំង កំណត់គោលដៅទៅលើប្រទេសទំនិញជាក់លាក់ ចុះក្នុងបញ្ជីដាច់ដោយឡែកពីគ្នា អនុវត្តការប្រមូលពន្ធកម្រិតខុសគ្នាលើប្រភេទ ទំនិញផ្សេងគ្នា ដោយដើម្បីធ្វើយ៉ាងណាឱ្យទំនិញដែលអាមេរិកចាំបាច់ ត្រូវនាំចេញរងផលប៉ះពាល់។
យោបល់មួយដែលត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន People's Daily ដែលជាអ្នកនាំពាក្យផ្លូវការរបស់ គណបក្សកុម្មុយនីសចិន បានអះអាងថា ប្រទេសចិនត្រូវតែប្រើប្រាស់យុទ្ធសាស្ត្រ(ពន្ធប្រាក់ដុល្លារ សម្រាប់ប្រាក់ដុល្លារ) ព្រោះចិន មិនយកយុទ្ធសាស្ត្រអាមេរិក ទៅទប់ទល់ជាមួយអាមេរិកវិញបានឡើយ។
ប្រភពដដែលបានលើកឡើងថា ប្រទេសចិនមិនអាច សងសឹកអាមេរិកវិញដោយ «បរិមាណ» បានឡើយ គួរតែបង្កើតយុទ្ធសាស្ត្រ និងសង្គ្រាមថ្មីដោយខ្លួនឯង។ រដ្ឋាភិបាលក្រុង ប៉េកាំង អាចកំណត់ពន្ធទាប លើប្រភេទទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលជា ប្រភេទរបស់កម្រពិបាករក ប៉ុន្តែផ្ទុយទៅវិញ ត្រូវយកពន្ធខ្ពស់ទៅលើប្រភេទផលិតផលដែលងាយរកជំនួសបានដូចជាប្រភេទ ផលិតផលប្រណិត ផលិតផលសំចៃ ជាពិសេសផលិតផលដែលដែលកំពុងប្រកួតប្រជែងជាមួយរោងចក្រចិនដោយផ្ទាល់។
សូមជម្រាបថា ផលិតផលនាំចូលពីប្រទេស ចិន ជិត៣០០ប្រភេទ ត្រូវបានដកចេញទាំងស្រុង ឬដោយផ្នែកចេញ ពីបញ្ជីពន្ធ របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការស្នើសុំទាមទារពីសំណាក់ក្រុមពាណិជ្ជករអាមេរិកដោយផ្ទាល់។ ក្នុងនោះវត្ថុមួយប្រភេទ ដែលត្រូវបានដកចេញ គឺធនធានធម្មជាតិដ៏កម្រដែលជាធនធានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ សហរដ្ឋអាមេរិក ខណៈដែលប្រទេសចិន គឺជាអ្នកនាំចេញធំបំផុតលើពិភពលោក។
ដោយឡែកអត្ថបទសារព័ត៌មាន People's Daily បានសរសេរថា ប្រទេសចិនអាចទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម ដោយការជំនួសផលិតផលនាំចូលមួយចំនួនពីសហរដ្ឋអាមេរិក ជាមួយផលិតផលដែលផលិតដោយខ្លួនឯង។ ហេតុនេះ ចិន គួរដំឡើងពន្ធលើផលិតផលកសិកម្ម និងថាមពល។
ម្យ៉ាងទៀត ផលិតផលទាំងនោះភាគច្រើនមានប្រភពចេញពីបណ្ដារដ្ឋដែល គាំទ្រទៅលើលោក ដូណាល់ ត្រាំ យ៉ាងពេញទំហឹង។ ហេតុនេះក្រៅពីការវាយប្រហារទៅសហរដ្ឋអាមេរិក ហើយចិនថែមទាំងអាចវាយប្រហារប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចចិនបាននិយាយថា «វាច្បាស់ជាគ្មានអ្នកឈ្នះក្នុងសង្គ្រាមនោះទេ ប៉ុន្តែបើនិយាយពីសង្គ្រាម ពាណិជ្ជកម្ម ការខាតបង់របស់ប្រទេសចិននឹងមានកម្រិតតិចតួចបើធៀបនឹងសហរដ្ឋអាមេរិក»៕