(បាត់ដំបង)៖ ស្រ្តីប្រជាកសិករម្នាក់ ដែលជាអ្នកដាំបន្លែ នៅស្រុកមោងឫស្សី បានប្រាប់ទៅលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា លោកស្រីរកចំណូលបានជាង២ពាន់ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។
ការអះអាងរបស់លោកស្រី ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក វេង សាខុន បានបន្តចុះពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករនៅភូមិបឹងព្រីង ឃុំព្រែកតូច ស្រុកមោងឫស្សី ដែលកំពុងប្រមូលផលត្រសក់។
តាមសេចក្តីរាយការណ៍របស់កសិកររូបនេះ បានបញ្ជាក់ឲ្យដឹងថា លោកស្រីបានទទួលបច្ចេកទេសដាំដុះ តាមរយៈកម្មវិធីសេវាកសិកម្ម សម្រាប់ការបង្កើតថ្មី ដោយធន់នឹងការប្រែប្រួលអាកាសធាតុ ដែលគាំទ្រថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម។ លោកស្រីបានបន្ត ដោយទឹកចិត្តសប្បាយរីករាយថា ផលបន្លែត្រសក់ និងបន្លែផ្សេងៗទៀត បូករួមជាមួយផលស្រូវ ក្នុង១ឆ្នាំៗ គ្រួសារគាត់អាចទទួលបានចំណូលប្រហែលជាង ១១លានរៀល ប្រមាណជា ២,៧៥០ដុល្លារអាមេរិក។
បើតាមទិន្និន័យនេះ ប្រជាកសិកររូបនេះ បានចាត់ទុកថា ជាចំណូលខ្ពស់មួយរបស់កសិករនៅតាមទីជនបទ។ សមិទ្ធផលដ៏ប្រពៃ គឺបានមកពីការខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកស្រីថា ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានសហការជាមួយអង្គការ IFAD បានជួយឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងកម្មវិធីនេះ ក្នុងបំណងលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ។
នាឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានផ្តល់ការណែនាំបន្ថែម លើការងារបច្ចេកទេស ទីផ្សារ និងការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលរបស់កសិករ ជាពិសេសលោកបានលើកទឹកចិត្ត ដល់កសិករឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងតែមាននិន្នាការកើនឡើង៕