(បាត់ដំបង)៖ ប្រជាពលរដ្ឋបានបង្ហាញឆន្ទៈគាំទ្រយ៉ាងខ្លាំងនូវចំណាត់របស់កម្លាំងសមត្ថកិច្ច ចំពោះការទប់ស្កាត់ការនាំចូលទំនិញខូចគុណភាព គ្មានកាលបរិច្ឆេទត្រឹមត្រូវ ឬទំនិញមានសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺក្នុងអំឡុងពេលមុនបុណ្យភ្ជុំបិណ្ឌនេះតែម្ដង មិនថាតែនៅក្នុងប្រទេសនោះទេ ទោះបីនៅតាមច្រកព្រំដែន និងតាមកន្លែងណាៗទាំងអស់ ក៏សូមបង្កើនការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពជាទីបំផុត ដែលការអំពាវនាវយ៉ាងទទូចនេះ ក៏ស្របទៅនឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ជាក់ស្ដែង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងមន្ត្រីនៃសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន បានចុះត្រួតពិនិត្យទំនិញជាច្រើនដែលនាំចូលពីប្រទេសថៃ ក្នុងនោះបានដកហូតណែមសាច់ជ្រូកខូចគុណភាព ៣៤០គីឡូក្រាម និងទឹកផ្លែឈើគ្មានកាលបរិច្ឆេទប្រើប្រាស់ ៣៣៦គីឡូក្រាម យកទៅដុតកម្ទេចចោលភ្លាមៗ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឱ្យដឹងថា ដើម្បីទប់ស្កាត់រាល់ទំនិញខូចគុណភាព មុនពេលបុណ្យភ្ជុំបិណ្ឌចូលមកដល់ និងដើម្បីចូលរួមការពារសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ មន្រ្តីជំនាញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍ច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន ដោយបានរកឃើញណែមសាច់ជ្រូកខូចគុណភាព ៣៤០គីឡូក្រាម និងទឹកផ្លែឈើគ្មានកាលបរិច្ឆេទប្រើប្រាស់ ៣៣៦គីឡូក្រាម និងបាននាំយកទៅដុតកម្ទេចចោលភ្លាមៗ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា លោកបន្តថា មន្រ្តីជំនាញនៅតែបន្តសម្រុកចុះត្រួតពិនិត្យជាប្រចាំ ក្នុងការអប់រំ ផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃ័រនៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ប្រាប់ពីផលប៉ះពាល់សុខភាព ដោយសារចំណីអាហារដាក់លក់នៅលើទីផ្សារ និងត្រួតពិនិត្យរាល់ការនាំចូល និងការដាក់តាំងលក់ទំនិញខូចគុណភាព ទំនិញដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ ដាច់ខាតមិនឱ្យមានធ្វើចរាចរណ៍នៅលើទីផ្សារបន្តទៀត។
ជាមួយគ្នានោះ កម្លាំងជំនាញកាំកុងត្រូល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងទិញចំទំនិញខូចគុណភាព បង្កឱ្យប៉ះពាល់សុខភាពខ្លួនឯងទៅថ្ងៃក្រោយ៕