(ភ្នំពេញ)៖ នៅក្នុងសង្គមគ្រួសារមួយ ទំនាក់ទំនងរវាងឪពុក-ម្ដាយជាមួយនឹងកូន គឺជាទំនាក់ទំនងដែលជិតស្និទបំផុត តាមរយៈ ញាត្តិលោហិត និងមនោសញ្ចេតនាដែលកើតចេញពី ការរួមរស់នៅជាមួយគ្នា ។ តាមរយៈញាតិលោហិត និងសេចក្តីស្រលាញ់របស់ឪពុកម្ដាយចំពោះកូនៗ គឺមិនងាយនឹងកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ដូចសុភាសិតខ្មែរមួយឃ្លាបាន ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន»។
ឪពុកម្ដាយគ្រប់រូបដែលបានបង្កើតកូនមកហើយ ខិតខំចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនឲ្យដើរតាមគន្លងធម៌ ដោយសម្លឹងទៅថ្ងៃអនាគតចង់ឃើញកូនរបស់ខ្លួនក្លាយជាកូនល្អ និងពលរដ្ឋល្អ។ តែផ្ទុយទៅវិញ ក៏មានឪពុកម្ដាយខ្លះបែរជាខកបំណង ដោយត្រូវកូនៗធ្វើទុក្ខបុកម្នេញ ប្រព្រឹត្តអំពើមិនគប្បី ឬសកម្មភាពផ្សេងៗដែលផ្ទុយនឹងច្បាប់ ធ្វើឲ្យគ្រួសារមិនមានសេចក្ដីសុខ គ្មានសុភមង្គល រហូតធ្វើឲ្យឪពុកម្ដាយខ្លះបង្ខំចិត្តកាត់កាល់កូននោះ ។
កន្លងមក ដើម្បីកាត់កាល់កូនឪពុកម្ដាយបានប្រើប្រាស់វិធីផ្សេងៗដូចជា ចុះផ្សាយអំពីដំណឹងកាត់កាល់តាម កាសែត ផ្សាយវិទ្យុ ទូរស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គមជាដើម ហើយជាទូទៅការកាត់កាល់កូន គឺធ្វើឡើងក្នុងគោលបំណងរួចផុតពីទំនួលខុសត្រូវ អំពើខុសច្បាប់របស់កូន ឬ/និង មិនចង់ទទួលខុសត្រូវលើរាល់សំណងផ្នែករដ្ឋប្បវេណីផ្សេងៗ ឬ មិនពេញចិត្តនឹងអំពីរបស់កូនដែលធ្វើមិនគប្បីចំពោះខ្លួនជាឪពុកម្ដាយ ហើយកាត់កាល់កូនដោយមិនចង់ឲ្យកូននោះទទួលបាននូវមរតក ។ ការបារម្ភរបស់ឪពុកម្ដាយខាងលើនេះ គឺមិនត្រឹមត្រូវនោះទេ អនុលោមតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិថា ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ គឺត្រូវអនុវត្តតាមគោលការណ៍ឯកត្តកម្មនៃទោស ពោលគឺ មានតែអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលត្រូវចោទប្រកាន់ និងផ្តន្ទាទោស។
ដោយឡែកចំពោះបញ្ហាសំណងផ្នែករដ្ឋប្បវេណី ឪពុកម្ដាយ ទទួលខុសត្រូវចំពោះអំពើរបស់កូន តែក្នុងករណីដែលកូនមានអាយុតិចជាង១៨ឆ្នាំ ប៉ុន្តែក្នុងករណីដែលកូនមាន អាយុចាប់ពី១៨ឆ្នាំឡើងទៅ នោះឪពុកម្ដាយក៏មិនមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវ លើផ្នែកសំណងរដ្ឋប្បវេណីដែលកើតចេញពីសកម្មភាពរបស់កូនទៀតដែរ លើកលែងតែ ក្នុងករណីពិសេសដូចជា កូនជានីតិជន តែស្ថិតក្រោម របបអាណាព្យាបាលទូទៅ ឬ របបហិតូបត្ថម្ភ។
តើឪពុកម្ដាយអាចកាត់កាល់កូនបង្កើតបានដែរទេ? ដើម្បីឲ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទ «ការកាត់កាល់កូន» មកធ្វើការចែករំលែកដូចតទៅ៖
យោងតាមក្រមរដ្ឋប្បវេណី គឺពុំមានបញ្ញត្តិណាមួយចែងអំពីការកាត់កាល់កូនបង្កើតទ្បើយ ប៉ុន្តែក្នុងក្រមរដ្ឋប្បវេណីបានបញ្ញត្តិតែអំពីការកាត់កាល់កូនស្មុំតែប៉ុណ្ណោះ។ មានន័យថា តាមផ្លូវច្បាប់ឪពុកម្ដាយពុំអាចកាត់កាល់កូនបង្កើតបាន ទ្បើយ ក៏ប៉ុន្ដែឪពុកម្ដាយបង្កើតអាចធ្វើការកាត់ផ្ដាច់នូវផលប្រយោជន៍របស់កូន តាមរយៈការកាត់ផ្ដាច់នូវមរតកដោយ ការដាក់ពាក្យសុំទៅតុលាការ និងតាមរយៈលិខិតបណ្តាំមរតកដោយមានបញ្ជាក់មូលហេតុក្នុងច្បាប់ជាអាទិ៍។ ដើម្បីឲ្យការកាត់កាល់កូនក្នុងក្របខណ្ឌនៃការស្មុំកូន មានអានុភាពតាមផ្លូវច្បាប់ តើត្រូវគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ?
ដោយរបបនៃការស្មុំកូនមាន០២ ទម្រង់ គឺស្មុំកូនពេញលេញ និងស្មុំកូនធម្មតា ដូចនេះទម្រង់នៃការកាត់កាល់នៃស្មុំកូន គឺត្រូវអនុវត្តដូចខាងក្រោម៖
១៖ ការកាត់កាល់នៃស្មុំកូនពេញលេញ៖
តាមទស្សនៈទាននៃការបង្កើតរបបស្មុំកូនពេញលេញ គឺដើម្បីផលប្រយោជន៍របស់កូនសុំតែប៉ុណ្ណោះ ហេតុដូចនេះ ការកាត់កាល់ស្មុំកូនពេញលេញ ឪពុកម្ដាយចិញ្ចឹមមិនអាចធ្វើការកាត់កាល់កូនសុំបានឡើយ។ បើយល់ឃើញថាមានភាពចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់កូនសុំ តុលាការអាចកាត់កាល់ភាគីនៃស្មុំកូនបាន ( ឪពុកម្ដាយចិញ្ចឹម) តាមពាក្យសុំរបស់កូនសុំ ឪពុកម្ដាយបង្កើត ឬតំណាងអយ្យការ លុះត្រាតែក្នុងករណីដែលត្រូវនឹងចំណុចទាំងអស់ ដែលកំណត់នៅក្នុងចំណុចនីមួយៗខាងក្រោមនេះ៖
ក. បើមានការធ្វើបាបដោយឪពុកម្ដាយចិញ្ចឹម បោះបង់កូនសុំចោលដោយគំនិតទុច្ចរិត ឬហេតុផលផ្សេងៗទៀត ដែលបំពានផលប្រយោជន៍របស់កូនសុំយ៉ាងធ្ងន់ធ្ងរ ។
ខ. បើឪពុកម្ដាយបង្កើតអាចគ្រប់គ្រងថែរក្សាដោយសមរម្យ។
២៖ ការកាត់កាល់ស្មុំកូនធម្មតា៖
ការកាត់កាល់ស្មុំកូនធម្មតា មានលក្ខណៈស្រដៀងគ្នាទៅនឹងការកាត់កាល់ស្មុំកូនពេញលេញផងដែរ ក៏ប៉ុន្ដែចំពោះ នីតិវិធី នៃការកាត់កាល់ស្មុំកូនធម្មតានេះ ឪពុកម្ដាយចិញ្ចឹមមានសិទ្ធិធ្វើការកាត់កាល់កូនសុំ ដែលជានីតិជនបាន ហើយការកាត់កាល់នេះ អាចធ្វើឡើងតាម ០២ ទម្រង់ គឺតាមពាក្យសុំ និងតាមបណ្ដឹងកាត់កាល់ស្មុំកូន។
ក. ពាក្យសុំកាត់កាល់ស្មុំកូនធម្មតា៖
ភាគីនៃស្មុំកូន (ឪពុកម្តាយចិញ្ចឹម និងកូន) អាចដាក់ពាក្យសុំទៅតុលាការឲ្យកាត់កាល់ស្មុំកូនបាន ក្នុងករណីដែលភាគីសងខាងព្រមព្រៀងអំពីការកាត់កាល់នោះ។ ក្នុងករណីដែលកូនសុំជាអនីតិជន (អាយុក្រោម ១៨ ឆ្នាំ) ពាក្យសុំដែលបានកំណត់ខាងលើនេះ ត្រូវធ្វើឡើងដោយឪពុកម្ដាយចិញ្ចឹម និងបុគ្គលដែលក្លាយជាអ្នកតំណាងដែលច្បាប់កំណត់ ក្រោយពេលកាត់កាល់។ ប៉ុន្ដែបើកូនសុំមានអាយុ១៥ ឆ្នាំហើយ ការកាត់កាល់ត្រូវទទួលការយល់ព្រមពីកូនសុំនោះ។ ទោះបីជាអនីតិជននោះមិនទាន់ដល់អាយុ ១៥ ឆ្នាំក៏ដោយ បើអនីតិជននោះអាចបង្ហាញឆន្ទៈរបស់ខ្លួនបាន តុលាការត្រូវសួរយោបល់របស់អនីតិជននោះ។
ខ.បណ្ដឹងកាត់កាល់ស្មុំកូនធម្មតា៖
ក្នុងករណីមានការបោះបង់ចោលដោយភាគីម្ខាងទៀត (ឪពុកម្តាយចិញ្ចឹម ឬកូនសុំ) ដោយទុច្ចរិត ឬបើមិនច្បាស់ថា ក្នុងអំឡុងពេលយ៉ាងតិច១ឆ្នាំ ថាភាគីម្ខាងទៀតនៅរស់ ឬទទួលមរណៈភាព ឬបើមានហេតុធ្ងន់ធ្ងរផ្សេងទៀត ដែលបណ្ដាលឲ្យមានការពិបាកក្នុងការបន្ដស្មុំកូន នោះភាគីម្ខាងនៃស្មុំកូនអាចដាក់ពាក្យបណ្តឹងឲ្យកាត់កាល់បាន។ ប៉ុន្តែក្នុងអំឡុងពេលដែលកូនសុំពុំទាន់ក្លាយជានីតិជន ឪពុកម្ដាយចិញ្ចឹមមិនអាចដាក់ពាក្យបណ្ដឹងដែលបានកំណត់នៅចំណុចខាងលើនេះចំពោះកូនសុំបានឡើយ ។ ក្នុងករណីកូនសុំមានអាយុ១៥ ឆ្នាំហើយ ការកាត់កាល់អាចធ្វើទៅបាន បើសិនជាទទួលការយល់ព្រមពីកូនសុំនោះ ។ ជាមួយគ្នានេះផងដែរ ដើម្បីការពារផលប្រយោជន៍របស់កូនសុំ ច្បាប់ក៏បានអនុញ្ញាតឲ្យកូនសុំជាអនីតិជនកាត់កាល់នូវឪពុកម្តាយចិញ្ចឹមតាមរយៈពាក្យបណ្តឹងរបស់កូនសុំ ឪពុក ឬម្តាយបង្កើត ឬអ្នកតំណាងដែលច្បាប់កំណត់ ។
សរុបជារួមមក ការកាត់កាល់កូនបង្កើតមិនអាចធ្វើបានទ្បើយ ហើយចំពោះការកាត់កាល់កូនសុំវិញ ច្បាប់អនុញ្ញាតឲ្យឪពុកម្តាយចិញ្ចឹមធ្វើការកាត់កាល់បានតែចំពោះកូនសុំធម្មតា ដែលជានីតិជន (អាយុចាប់ពី១៨ឆ្នាំ) តែប៉ុណ្ណោះ។ ចំពោះ នីតិវិធីនៃការកាត់កាល់ត្រូវធ្វើតាមផ្លូវតុលាការ ហើយអានុភាពនៃការកាត់កាល់កើតមាននៅពេល ដែលសេចក្តីសម្រេចអំពីការកាត់នោះចូលជាស្ថាពរ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រ៉ាត់ ចាន់ធី ជាជំនួយការមេធាវី នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ