(ភ្នំពេញ)៖ បុរសម្នាក់ជាជនធ្លាប់ប្រើប្រាស់គ្រឿងញៀន ត្រូវបានគេបាញ់សម្លាប់នាវេលាទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្សារនាគមាស ស្ថិតក្នុងខណ្ឌទួលគោក ខណៈកម្លាំងសមត្ថកិច្ចមិនទាន់វែករកមុខជនល្មើសនៅឡើយ។ នេះបើតាមសេចក្ដីរាយការណ៍បឋមរបស់ភ្នាក់ងារព័ត៌មាន Fresh News នៅមុននេះបន្តិច។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នាវេលាម៉ោង ៥៖១៥នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយកើតឡើងត្រង់ចំណុចផ្លូវ២៣៤ ខាងជើងផ្សារនាគមាស ជិតផ្លូវ២៣១ ជនល្មើសបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឱ្យស្លាប់នៅកន្លែង រីឯជនល្មើសគេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ ធី ធូរ ជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលសាលាសង្កាត់ចាប់បញ្ចូនទៅមន្ទីរសង្គមកិច្ច កាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ហើយខាងមន្ទីរសង្គមកិច្ចបានរាយការណ៍មកថា ជននេះបានគាស់ខ្នោះដៃហែកដំបូលអគារ និងរត់ចេញពីមន្ទីរកែប្រែ នៅចន្លោះម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា។
បើតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ខណៈនេះដែរសាកសពជនរងគ្រោះត្រូវនាំយកទៅធ្វើពិធីបុណ្យតាមប្រពៃណីខ្មែរ នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕