(ភ្នំពេញ)៖ ការសម្តែងភាពរីករាយ និងបង្ហាញការស្វាគមន៍ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសហរដ្ឋអាមេរិក ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក បានធ្វើឡើងជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គម Facebook។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋខ្មែរ រដ្ឋវ៉ាស៊ីនតុនស្តេត និងរដ្ឋកាលីហ្វ័រញ៉ាមួយចំនួនទៀតហើយ ដែលបានចេញវីដេអូសម្តែងក្តីសោមនស្សរីករាយចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋទាំងនោះ បានអះអាងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅចុងខែនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក៕
ខាងក្រោមនេះជាវីដេអូបង្ហាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋវ៉ាស៊ីនតុនស្តេត និងរដ្ឋកាលីហ្វ័រញ៉ា ចំពោះវត្តមានរបស់សម្តេច៖