(កំពត)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែលបានឧបត្តម្ភគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ក្នុងការរៀបចំដណើរការបោះឆ្នោតជាតិ អាណត្តិទី៦របស់កម្ពុជានាពេលកន្លងទៅ។
ក្នុងពិធីសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅសាលាខេត្តកំពត នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅតែមានតម្រូវការការគាំទ្រខាងបច្ចេកទេស និងហិរញ្ញវត្ថុ មធ្យោបាយ សម្ភារប្រកបដោយភាពស្មោះស ពីសហគមន៍អន្តរជាតិ និងប្រទេសជាមិត្តសម្រាប់ដំណើរការបោះឆ្នោតជាបន្តទៀត។
សម្តេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរសាធារណៈ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកពាក់ព័ន្ធនានាព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានពុះពាជំនះគ្រប់ឧបសគ្គ និងការលំបាកនានា ខិតខំរួមគ្នាជំរុញដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ បានយ៉ាងល្អប្រសើរ។
ដំណើរការប្រជាធិបតេយ្យនេះ ត្រូវបានលេចចេញជារូបរាងឡើង តាមរយៈការចាត់តាំងចាត់ចែងការរៀបចំការបោះឆ្នោត និងចូលរួមគោរពអនុវត្តច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ប្រព្រឹត្តិទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសដែលប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរបំផុត។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅតាមបណ្តារាជធានី ខេត្ត ដែលបានខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។
សូមជម្រាបថា សន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន អង្គការជាតិ អន្តរជាតិ តំណាងគណបក្សនយោបាយ សរុបប្រមាណ៤៤០នាក់៕