(ភ្នំពេញ)៖ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយគណៈប្រតិភូបានជួបសំដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារប្រទេសឡាវ ប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូននាយករដ្ឋមន្រ្តី នៃប្រទេសឡាវ, រដ្ឋមន្រ្តីក្រសួងការពារប្រទេស និងប្រធានអគ្គសេនាធិការកងទ័ព ប្រជាជនឡាវ ពីគោលបំណងក្នុងការបន្តរក្សាទំនាក់ទំនងល្អជាប្រពៃណី និងសហប្រតិបត្តិការល្អ នៃប្រទេសទាំងពីរ ការរួមគ្នាទប់ស្កាត់បទល្មើសតាមព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនដូចជាបញ្ហាជួញដូរគ្រឿងញៀន បទល្មើសផ្សេងៗ និងការជួយគ្នាទៅវិញទៅមក ក្នុងការសង្គ្រោះគ្រោះមហន្តរាយដែលកើតមាន តាមបណ្ដាព្រំដែនជាដើម។
ជាពិសេស បន្តអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថុងឡូង ស៊ីសូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតឡាវ ដែលបានថ្លែងរួមគ្នា នៅក្នុងជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប្រទេសវៀតណាម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
ភាគីមិត្តបានសំដែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានជ្រើសរើសប្រទេសឡាវជាប្រទេសទី១ ក្នុងការធ្វើដំណើរទស្សនកិច្ច។
ភាគីមិត្តឡាវ បានប្ដេជ្ញារក្សាទំនាក់ទំនង និងកិច្ចសហការល្អ លើការងារការពារជាតិ ជាពិសេសអនុវត្តនូវប្រសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ភាគីឡាវ ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សម្ភារ និងស្មារតីក្នុងការជួយសង្គ្រោះប្រជាជនឡាវ នូវគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសឡាវរយៈពេល៣ថ្ងែ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨៕