(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ពីលទ្ធផលក្នុងបេសកកម្ម ចូលរួមវេទិកាសេដ្ឋកិច្ចអាស៉ី-ពិភពលោក ដែលបានធ្វើនៅប្រទេសចិន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ប្រតិភូកម្ពុជា បានខិតខំអូសទាញអ្នកវិនិយោគចិនយ៉ាងខ្លាំង ឲ្យមកវិនិយោគបន្ថែមទៀត ក្នុងខេត្តព្រះសីហនុ។
តំណាងឲ្យគណៈប្រតិភូកម្ពជា ដែលបានចូលរួមវេទិកាដ៏ធំមួយនេះ លោក យន្ត មីន បានឲ្យដឹងទៀតថា វេទិកាសេដ្ឋកិច្ចអាស៉ី-ពិភពលោក មានអ្នកចូលរួមជាង៦០០០នាក់ មកពីបណ្តាខេត្តជាង៥០០នៅអាស៉ី ហើយប្រទេសទាំងអស់ ដែលបានចូលរួមក្នុងវេទិកានេះ សុទ្ធតែបានប្រឹងប្រែង កៀរគរអ្នកវិនិយោគចិន ឲ្យទៅបណ្តាក់ទុនរកស៉ីនៅប្រទេសគេដូចគ្នា ដោយសារប្រទេសចិន គឺជាមហាយក្សសេដ្ឋកិច្ចដ៏ធំ។
ថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ លោក យន្ត មីន បានបញ្ជាក់ថា ទី១៖ប្រតិភូកម្ពុជាបានពន្យល់អភិបាលខេត្តនានា ឲ្យបានដឹងពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទី២៖ប្រឹងប្រែងចងសម្ព័ន្ធមេត្រីជាមួយខេត្តផ្សេងៗ និងទី៣៖ខិតខំអូសទាញបន្ថែមទៀត ចំពោះអ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
លោក យន្ដ មីន បានគូសបញ្ជាក់ថា កំណើនជនបរទេសក្នុងខេត្តព្រះសីហនុ បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាការកើនឡើងនូវវិស័យសំណង់ និងអចលនទ្រព្យមានតម្លៃខ្ពស់ សម្បូរសណ្ឋាគារ កាស៉ីណូ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរ និងប្រាក់ចំណូលពន្ធកើនឡើងជាដើម។ លោកបន្តថា ដោយសារមានអ្នកវិនិយោគជាច្រើន ជាពិសេសអ្នកវិនិយោគចិន មកវិនិយោគនៅខេត្តព្រះសីហនុ ធ្វើឲ្យមានការរីកចម្រើនខ្លាំងណាស់ ធ្វើប្រជាពលរដ្ឋក្នុងខេត្ត មានកំណើនសេដ្ឋកិច្ច ទំនិញឡើងថ្លៃ របស់របរលក់ដាច់ខ្លាំងណាស់ ទីផ្សារការងារមានការងារធ្វើច្រើនដល់ប្រជាពលរដ្ឋ។
បើតាមលោកអភិបាលខេត្ត ទោះបីជាមានមតិមួយចំនួន បានរិះគន់ខេត្តព្រះសីហនុថា មានសកម្មភាពប្រជាជនចិន ធ្វើឲ្យប៉ះពាល់សន្តិសុខយ៉ាងណាក្តី តែលោកថា ខេត្តកំពុងព្យាយាមសម្របសម្រួល ឲ្យសន្តិសុខទាំងនោះ មានភាពល្អប្រសើរ។ លោកថា ក្នុងសេដ្ឋកិច្ចទីផ្សារសេរី គេត្រូវការប្រទេសដែលជាអ្នកមាន ឲ្យចូលមកវិនិយោគ ព្រោះនេះជាផ្លូវតែមួយគត់ ក្នុងសេដ្ឋកិច្ចទំនើប នាពេលបច្ចុប្បន្ននេះ។
លោក យន្ត មីន បានបញ្ជក់បន្ថែមថា «បណ្តាប្រទេសនៅលើពិភពលោក មានច្រើនណាស់ដែលគេចាប់អារម្មណ៍ពីចិន អញ្ចឹងយើងខិតខំអូសទាញចិនមក ហើយមានខេត្តដ៏ទៃទៀត ខិតខំអូសទាញចិនទៅប្រទេសគេដូចគ្នា ចង់បានចិនទៅណាស់ ដោយសារចិនមានលុយច្រើន។ សព្វថ្ងៃនេះ យើងមិនអាចរស់នៅឯកោបានទេ សព្វថ្ងៃនេះការប្រកួតប្រជែងទីផ្សារសេរី ប្រកួតប្រជែងដើម្បីអភិវឌ្ឍប្រទេសគេ អញ្ចឹងមានតាំងពីថៃ វៀតណាម ជប៉ុន ទៅជាមួយគ្នាហ្នឹង គេឆ្លៀតអូសទាញចិនទៅវិនិយោគប្រទេសគេ ដូចយើងអញ្ចឹងដែរ»។
លោកបានឲ្យដឹងដែរថា ខេត្តព្រះសីហនុ ពិតជាខេត្តដែលសាកសមនឹងទទួលការវិនិយោគថែមទៀត ព្រោះខេត្តនេះ ជាទីកន្លែងមួយ ដែលមានសក្តានុពលខ្លាំង លើវិស័យសេដ្ឋកិច្ច។ លោកបន្តដោយមានទំនុកចិត្តថា ការប្រឹងប្រែងកៀរគរអ្នកវិនិយោគរបស់លោក នឹងមានភាពជោគជ័យ ដោយសារប្រទេសកម្ពុជា មានសន្តិសុខ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលល្អ ធ្វើឲ្យអ្នកវិនិយោគ មានទំនុកចិត្ត។
លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «យើងមានចំណុចសំខាន់ៗជាច្រើន ដោយសារប្រទេសយើងមានសន្តិភាព គោលនយោបាយរាជរដ្ឋាភិបាលយើង ការពង្រឹងសន្តិសុខ សុវត្ថិភាព ធ្វើឲ្យគេមានការជឿជាក់លើប្រទេសយើង អញ្ចឹងនេះជាឱកាសមួយធំណាស់។ គួបផ្សំនឹង ខេត្តព្រះសីហនុរបស់យើង គឺជាខេត្តមួយដែលមានភូមិសាស្ត្រអំណោយផល មានសមុទ្រ មានកោះ ខ្យល់អាកាស ត្រីសមុទ្រ ភូមិសាស្ត្រស្អាត ធ្វើឲ្យគេមានការចាប់អារម្មណ៍ ធ្វើការវិនិយោគក្នុងខេត្ត មានកំពង់ផែទឹកជ្រៅសម្រាប់នាំទំនិញចេញចូល»។
សូមជម្រាបថា កំណើនជនជាតិចិន បានកើនឡើងយ៉ាងគំហុក ក្នុងខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានមានភាពស្អិតល្មួត។ ប្រទេសចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាតំបន់ទេសចរណ៍អន្ដរជាតិ និងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស។
ក្នុងឆ្នាំ២០១៧កន្លងទៅ មានភ្ញៀវទេសចរណ៍ និងវិនិយោគិនជាជនបរទេសយ៉ាងច្រើន ចូលមកស្នាក់នៅ និងបណ្តាក់ទុនក្នុងខេត្តនេះ។ ជនបរទេសដែលមកស្នើសុំសៀវភៅការងារក្នុងខេត្តព្រះសីហនុ មានជាង៦ពាន់នាក់(៦,៣៨៥នាក់) ក្នុងនោះជនជាតិចិនមានចំនួនជាង៤ពាន់នាក់(៤,៤៩៨នាក់) ស្មើនឹងប្រមាណជា៧០% នៃជនបរទេសចំនួន៦១សញ្ជាតិ។
បើយោងតាមតួលេខ របស់ក្រសួងទេសចរណ៍ កម្ពុជារំពឹងថា នឹងទទួលបានអ្នកទេសចរចិន ប្រមាណជា២លាននាក់នៅឆ្នាំ២០២០។ កាលពីឆ្នាំ២០១៦ កម្ពុជាបានទទួលទេសចរចិនប្រមាណ៨៣ម៉ឺននាក់។ ចំណែកនៅក្នុងឆ្នាំ២០១៧ ទេសចរជនជាតិចិនមកកម្ពុជាមានចំនួនជាង៩សែននាក់៕